នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានបញ្ជូនមេក្លោង និងបក្ខពួកសរុប១០នាក់ ភាគច្រើនជាជនជាតិចិន រួមទាំងវត្ថុតាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ បើកការស៊ើបសួរតាមផ្លូវច្បាប់ ពាក់ព័ន្ធការលួចថតរឿងវីដេអូអាសអាភាស ក្នុងបន្ទប់ខុនដូមួយកន្លែងនៅខណ្ឌបឹងកេងកង។
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានចុះមកបង្រ្កាបករណីផលិតវីដេអូអាសអាភាស នៅចំណុចអគារខុនដូរមួយកន្លែង ផ្លូវ៣១០ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ ប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់មនុស្សចំនួន២៩នាក់ (ជនជាតិចិន និងខ្មែរ)។
ការចុះឃាត់ខ្លួនជនបរទេសខាងលើនេះ ដោយយោងតាមពាក្យបណ្តឹងស្រ្តីរងគ្រោះពីរនាក់ ដែលបានស្ម័គ្រចិត្តថតរឿងអាសអាភាសជាមួយជនបរទេស នៅលើអគារខុនដូកើតហេតុខាងលើ ក្រោយមកក៏ឃើញមានការបែកធ្លាយវីដេអូរឿងអាសអាភាសរបស់ខ្លួន ដែលថតជាមួយជនបរទេស នៅលើបណ្តោញសង្គមតេឡេក្រាម ហើយមានការចែកចាយជាច្រើន ទើបនារីរងគ្រោះទាំង២នាក់នោះ បាននាំគ្នាទៅដាក់ពាក្យបណ្តឹង នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្រោយទួលបានពាក្យបណ្តឹងពីនារីរងគ្រោះទាំង២រួច កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បានចុះឆែកឆេរអគារខុនដូខាងលើ ព្រមទាំងឃាត់ខ្លួនជនបរទេសជាច្រើននាក់ រួមមាន សម្ភារផលិតរឿងមួយចំនួនទៀត៕