សង្គម

កម្ពុជាដកទ័ពមួកខៀវចេញពីប្រទេសម៉ាលី

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យ​ដកទ័ពមួកខៀវកម្ពុជាចេញពីប្រទេសម៉ាលី ហើយ​នឹងធ្វើ​ការ​កម្ទេចចោលសម្ភារៈទ័ពទាំងអស់ តាមការស្នើរបស់អង្គការសហប្រជាជាតិ។

ក្នុងជំនួបជាមួយបងប្អូនកម្មករកម្មការិនីជាង១ម៉ឺននាក់​នៅ​ខេត្តកំពង់ចាម នៅព្រឹក​ថ្ងៃពុធនេះ សម្ដេចធិបតីបានបញ្ជាក់ថា ស្ថានភាពនៅក្នុងប្រទេសម៉ាលីនៅពេលនេះគឺបានរុញច្រានឲ្យកងទ័ពមួកខៀវដកចេញពីប្រទេសនេះហើយ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធបានវាយប្រហារមិនថាកងទ័ពរបស់អង្គការសហប្រជាជាតិនោះទេ។

បើតាមគម្រោងទ័ពមួកខៀវនឹងដកអស់ពីប្រទេសម៉ាលីត្រឹថ្ងៃទី៣១ ខែធ្នូ ចុងឆ្នាំ២០២៣នេះ។

គួរបញ្ជាក់ថា​ រប​បសឹកដែលបានឡើងកាន់អំណាចនៅក្នុងប្រទេសម៉ាលី ចាប់តាំងពីឆ្នាំ២០២០មក បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ UN កាលពីខែមិថុនា កន្លងទៅនេះឱ្យដកកងកម្លាំង MINUSMA ចេញពីប្រទេសរបស់ខ្លួន នៅត្រឹមដំណាច់ឆ្នាំ២០២៣។ ក្រុមប្រឹក្សាសន្តិសុខក៏បានសម្រេចចិត្តធ្វើតាមការស្នើនេះ ហើយការចាកចេញដំបូងរបស់កងកម្លាំង MINUSMA បានធ្វើឡើងកាលពីដើមខែសីហា ដោយចាកចេញពីមូលដ្ឋាន អូហ្គោសសាហ្គូ (Ogossagou)៕