ពលរដ្ឋ និងមហាជនធ្វើដំណើរឆ្លងកាត់បណ្ដោយផ្លូវចូលច្រកផ្សារច្រាំងចំរេះ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានសំណូមពរដល់អាជ្ញាធរសង្កាត់ ក៏ដូចជាអាជ្ញាធរខណ្ឌ ជួយចុះរៀបចំសណ្ដាប់ធ្នាប់ នៅចំណុចផ្សារច្រាំងចំរេះ ឲ្យមានរបៀបរាបរយ ដើម្បីមានផ្លូវឆ្លងកាត់ចេញចូលបានស្រួល ខណៈដែលអាជីវករ ដាក់តាំងលក់បន្លែ ត្រីសាច់ និងរបស់របរផ្សេងទៀត នៅលើផ្លូវសារធារណៈរបស់រដ្ឋ ដែលធ្វើឲ្យពួកគាត់ពិបាកក្នុងការធ្វើដំណើរចេញចូលស្ទើរតែរាល់ថ្ងៃ។
បើតាមការលើកឡើងរបស់ពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ជាប្រចាំ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានរៀបរាប់ថា ការដាក់លក់បន្លែត្រីសាច់ និងរបស់របរផ្សេងៗទៀត នៅលើផ្លូវសាធារណៈនេះ តាំងពីព្រឹកព្រលឹម ទល់យប់ព្រលប់ ដាក់លក់ដូរស្ទើរពេញផ្លូវទៅហើយ ។
ពួកគាត់បន្តថា កន្លងមកក៏ធ្លាប់ឃើញ កម្លាំងអាជ្ញាធរសង្កាត់ ធ្លាប់ចុះមករៀបចំសណ្ដាប់ធ្នាប់នៅតំបន់នេះដែរ តែក្រោយពីអាជ្ញាធរដកកម្លាំងទៅវិញអស់ ក្រុមអាជីវករ នៅតែបន្តដាក់របស់របរតាំងលក់លើផ្លូវសាធារណៈវិញដដែល ហាក់បីដូចជាមិនញញើតនិងអាជ្ញាធរនោះទេ ឬដូចជាការសម្ដែងបំភាន់ភ្លេចមហាជនធ្វើដំណើរទៅមក ដើម្បីជាថ្នូរបានសើមមាត់សើមកទេដឹង?
ជុំវិញបញ្ហាការលក់ដូរ របស់អាជីវករផ្សារច្រាំងចំរេះកំពុងរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកធ្វើដំណើរទៅមកជាច្រើន ថាលក់ដូរដោយគ្មានសណ្ដាប់ធ្នាប់បណ្តាញសារព័ត៌មានយើង បានខលទំនាក់ទំនងទៅលោក អ៊ុល សុផល ដែលអាជីវករបានប្រាប់ថា ជាប្រធានគ្រប់គ្រងផ្សារច្រាំងចំរេះ លោកអ៊ុល កុសលបានប្រាប់បណ្តាញព័ត៌មានយើងអោយដឹងថា៖ ផ្លូវដែលអាជីវករលក់ដូរសព្វថ្ងៃនេះ គឺកំពុងលក់លើផ្លូវសាធារណៈ ហើយលោកបន្តថា៖ លោកតែងតែធ្វើរបាយការណ៍ជូនលោកអភិបាលខណ្ឌ ជារៀងរាល់ថ្ងៃហើយ សង្កាត់និងរៀបចំឯកសារ ហៅម្ចាស់ផ្ទះធ្វើកិច្ចសន្យាហើយ អាជីវករទាំងនោះបានលក់ដូរមុខផ្ទះគេទេ។
ពលរដ្ឋ និងមហាជនជាច្រើន ដែលធ្វើដំណើរឆ្លងកាត់កំពុងមានមន្ទិលដាក់ការសង្ស័យថា បើមិនមានការរួមគំនិតគ្នា ឆ្លៀតឱកាសពីសំណាក់ប្រធានគ្រប់គ្រងផ្សារ បើកភ្លើងខៀវជាប្រពន្ធ័ ពីអាជ្ញាធរពាក់ព័ន្ធនៅក្នុងសង្កាត់ឬខណ្ឌទេ? អាជីវករទាំងនោះមិនអាចលក់ដូរដោយសេរី គ្មានសណ្តាប់ធ្នាប់នៅលើផ្លូវសាធារណៈបាននោះទេ ដូចពាក្យចាស់ពោលថាក្រាលកន្ទេលធំបន្លំដេក (ត្រីងៀតឆ្លៀតពង់) ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក ឯក ឃុនឌឿន អភិបាលខណ្ឌឫស្សីកែវ បានថ្លែងប្រាប់បណ្ដាញព័ត៌មានយើងអោយដឹងថា៖ លោកតែងតែបញ្ជារកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះទៅស្ទាបស្ទង់រៀបចំបណ្ដើរៗមិនអាចបង្ខំបានទេ ទោះបីយ៉ាងណាលោកអភិបាលខណ្ឌ និងខិតខំប្រឹងប្រែងចុះទៅពន្យល់បងប្អូនដែលជាអាជីវករទាំងនោះកុំឲ្យលក់ដូរលើផ្លូវសាធារណៈជាបន្តទៀត ក៏ដូចចូលរួមបញ្ជៀសការកកស្ទះចរាចរណ៍៕