ស្វាយរៀង ៖ ពិតជាគ្រោះថ្នាក់ណាស់សម្រាប់សុខភាព ជាពិសេសសុខភាពសុភាពនារី ដែលទិញចំឡេក្លែងក្លាយ ជាក់ស្ដែងកម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីមន្រ្តីមន្ទីរសុខាភិបាលខេត្ត កំលាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវីធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះបង្ក្រាបករណីផលិត វេចខ្ចប់គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាត នៅឃ្លាំងក្នុងដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិស្វាយប្រហ៊ូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីធ្វើការឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃើញ និងដកហូតបាននូវ ៖
* ឡេលាបខ្លួនម៉ាក Luxury super ២១កេស ស្មើ៦០០គីឡូក្រាម
* ឡេលាបមុខ TD Night cream (ផលិតផលសម្រេច) ៤០០គីឡូក្រាម
* ម៉ាស៊ីនក្រឡុកឡេចំនួន៣៦គ្រឿង
* វត្ថុធាតុដើមផ្សំសម្រាប់ផលិតឡេចំនួន ៩មុខ ស្មើ១,៨៦៨គីឡូក្រាម
* សំបកកញ្ចប់ក្រដាសវេចខ្ចប់ ៤៥០គីឡូក្រាម
* ប្លាស្ទិកវេចខ្ចប់ ១៣កេស
* សំបកខ្លងសំរាប់វេចខ្ចប់ ១,០០៥គីឡូក្រាម។
ក្រោយបានការអនុញ្ញាតិពីលោកព្រះរាជអាជ្ញារង សមត្តកិច្ចក្រុមការងារចម្រុះ បានដកហូតវត្ថតាងទាំងអស់ និងបិទឃ្លុំបេរទីតាំងផលិតខាងលើ និងនាំខ្លួនម្ចាស់ទីតាំងឈ្មោះ ញឹម សារិន ភេទស្រី អាយុ៥០ឆ្នាំ និងលោក សុខ តាយ អាយុ២៧ឆ្នាំ (មេការ) មកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីតាមច្បាប់ ។
តាមការរកឃើញឡេក្លែងក្លាយដ៏ច្រើនសន្ធឹកសន្ធាប់នេះ វាអាចនឹងធ្វើឱ្យអ្នកប្រើប្រាស់ប៉ះពាល់ដល់សុខភាពស្បែក និងប៉ះពាល់សុខភាពជាពិសេសផ្នែកខាងក្នុងសរីរាង្គ ៕