កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ដែលគេស្គាល់ថា គឺជាប្រធានគណបក្សខ្មែរក្រោក ហើយត្រូវបានជាប់ពន្ធនាគារក្រោយធ្វើសកម្មភាពប្លន់អ្នកជំនួញមួយរូបនោះ បានបង្ហោះសារសំឡេងតាមបណ្តាញសង្គមទៅកាន់អ្នកគាំទ្ររបស់ខ្លួន។ ការចេញសារសំឡេងនៅលើបណ្តាញសង្គមរបស់ពិរុទ្ធជនរូបនេះ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
យ៉ាងណាក៏ដោយមួយថ្ងៃបន្ទាប់ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺ ដោយថា តាមរយៈការស្រាវជ្រាវរបស់មន្រ្តីជំនាញទូរគមនាគមន៍ សារសម្លេងទាំងស្រុងខាងលើ ត្រូវបានបញ្ចេញតាមប្រព័ន្ធទូរស័ព្ទអចល័ត (ជាប់ជញ្ជាំង) សម្រាប់ជនជាប់ឃុំប្រើប្រាស់ស្របច្បាប់ កាលពីវេលាម៉ោង១៥ និង៤៧នាទី រសៀល ថ្ងៃព្រហស្បត្តិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣ ពីអគារ «ក» នៃមណ្ឌលអប់រំកែប្រែទី១ ទៅកាន់ឈ្មោះ មាស សុភ័ក្រ្ត ដែលជាប្រធានស្តីទិ គណបក្សខ្មែរក្រោក ទូរស័ព្ទលេខ ០៨៧ ៣៣៣ ៣៦២ និងត្រូវបានឈ្មោះនេះថតទុកក្នុងពេលសន្ទនា និងយកទៅបង្ហោះចែកចាយលើគណនីបណ្តាញសង្គម TikTok កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
សម្រាប់ករណីនេះ អគ្គនាយកដ្ឋានពន្ធនាគារលើកឡើងថា នេះជាសកម្មភាពល្មើសច្បាប់ ដូចមានចែងក្នុងចំណុចទី៦ មាត្រា៦ថ្មី នៃច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងជាសកម្មភាពល្មើសបទបញ្ជាផ្ទៃក្នុងពន្ធនាគារ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដូច្នេះអគ្គនាយកដ្ឋានពន្ធនាគារ នឹងចាត់នូវវិធានការចាំបាច់រួមមាន៖
– ដាក់ពាក្យបណ្តឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញលើឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង និងឈ្មោះ មាស សុភ័ក្រ្ត ប្រធានស្តីទីគណបក្សខ្មែរក្រោក ករណីប្រើប្រាស់សារសំឡេង និងរូបភាពទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬមជ្ឈឹមឱ្យធ្វើសកម្មភាពដើម្បីជាប្រយោជន៍នយោបាយសម្រាប់គណបក្សនយោបាយខ្លួន។
- សម្រេចដាក់ពិន័យជនជាប់ឃុំឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ឱ្យនៅក្នុងបន្ទប់ដាក់ពិន័យ ហាមប្រើប្រាស់ប្រព័ន្ធទូរស័ព្ទអចល័ត និងមិនអនុញ្ញាតជួបសួរសុខទុក្ខជាមួយញាតិមិត្តខាងក្រៅ រយៈពេល០២សប្តាហ៍ ចុះកំណត់ហេតុល្មើសបទបញ្ជាផ្ទៃក្នុង និងបង្កើនចំណាត់ថ្នាក់សន្តិសុខ៕