សង្គម

ក្រសួងសុខាភិបាលប្រកាសបិទ មន្ទីរពេទ្យមេត្រូ អអិលវី ក្រោយបែកធ្លាយរឿងនាំមនុស្សទៅប្តូរសរីរាង្គនៅឥណ្ឌាហើយបោកលុយជិត១លានដុល្លារ

ភ្នំពេញ ៖ មន្ទីរពេទ្យ មេត្រូ អអិលវី ប្រចាំប្រទេសកម្ពុជា ត្រូវបានក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាប្រកាសបិទ បន្ទាប់ពីបែកធ្លាយរឿងដែលមន្ទីរពេទ្យនេះ នាំអ្នកជំងឺខូចតម្រងនោមទៅប្តូរសរីរាង្គនៅប្រទេសឥណ្ឌា ជាពិសេសនោះ គឺនាយកគ្រប់គ្រងមន្ទីរពេទ្យនេះ បានបោកប្រាស់អ្នកជំងឺដោយយកលុយម្នាក់ៗជាង៥ម៉ឺនដុល្លាររត់គេចខ្លួនបាត់ ។

យោងតាមសេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចេញផ្សាយនៅល្ងាចថ្ងៃទី១៧ តុលា ២០២៣ បានសម្រេចបិទមន្ទីរពហុព្យាបាលឯកជនឈ្មោះ មេត្រូអអិលវី ដែលមានទីតាំងនៅផ្ទះលេខ៦៨ ផ្លូវលេខ២៧១សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមូលហេតុ មន្ទីរពហុព្យាបាលនេះបានប្រើប្រាស់សេវាពិគ្រោះបញ្ជូនអ្នកជំងឺទៅវះកាត់ប្តូរសរីរាង្គតម្រងនោម នៅប្រទេសឥណ្ឌា ដែលខុសទៅនឹងច្បាប់ស្ដីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស ។

គួរបញ្ជាក់ថា ថ្មីៗនេះ នាយកគ្រប់គ្រង មន្ទីរពេទ្យមេត្រូ អអិលវី ឈ្មោះ ង៉ែត សំអូន ត្រូវបានអ្នកជំងឺខូចតម្រងចោទប្រកាន់ថា បានប្រមូលលុយពីពួកគាត់ម្នាក់៥ម៉ឺនដុល្លារសរុបចំនួន១៨នាក់ដែលស្មើនឹងទឹកប្រាក់ជិត១លានដុល្លារ ថានាំពួកគាត់ទៅប្តូរសរីរាង្គតម្រងនោមនៅប្រទេសឥណ្ឌា ប៉ុន្តែពេលទៅដល់ប្រទេសឥណ្ឌាបែរជាឈ្មោះ ង៉ែត សំអូន បានទុកពួកគាត់ចោលនៅមន្ទីរពេទ្យ ហើយយកលុយរត់បាត់ ដែលធ្វើឱ្យអ្នកជំងឺទាំងនោះត្រូវដេកចាំត្រាំត្រែងនៅប្រទេសឥណ្ឌា ដោយមិនបានប្តូរសរីរាង្គឡើយ ។

ក្រោយបែកធ្លាយព័ត៌មាននេះ ម្ចាស់មន្ទីរពេទ្យមេត្រូប្រចាំនៅឥណ្ឌាក៏បានប្រកាសបញ្ឈប់លោកង៉ែត សំអូនពី នាយកគ្រប់គ្រងមន្ទីរពេទ្យនិងប្រកាសមិនទទួលខុសត្រូវចំពោះអ្នកជំងឺទាំង១៨នាក់ដែលលោកង៉ែត សំអូនបាននាំទៅប្រទេសឥណ្ឌាដែរ ។ នេះ មិនមែនដូចពាក្យចាស់លោកថា ក្រហើយកូនឈឺទេ គឺឈឺ ហើយគេបោកលុយយកទៅបាត់ទៀត ៕