អ្នកជំងឺកូវីដ១៩ចុងក្រោយគេនៅកម្ពុជា (ករណីទី២៧៤) ត្រូវបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីក្រុមគ្រូពេទ្យបានធ្វើតេស្តចំនួន២ដង មិនរកឃើញវីរុសកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។
អ្នកជំងឺកូវីដ១៩ដែលជាសះស្បើយចុងក្រោយនេះ គឺជាបុរសជនជាតិឥណ្ឌូណេស៊ី អាយុ១៨ឆ្នាំ ស្នាក់នៅខេត្តព្រះសីហនុ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី និងបានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។
សូមរំលឹកដែរថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ មានការព្យាបាលជាសះស្បើយ ១០០ភាគរយ លើកទី១ ម្តងរួចមកហើយ ដែលពេលនោះ ប្រទេសកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន ១២២នាក់ប៉ុណ្ណោះ ដែលករណីទី១២២នោះ គឺជាស្រ្តីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ នៅខេត្តបន្ទាយមានជ័យ ត្រូវបានព្យាបាលជាសះស្បើយចុងក្រោយគេបង្អស់ផងដែរនៅពេលនោះ៕