សង្គម

ភ្ជុំបិណ្ឌ៣ថ្ងៃ ពលរដ្ឋជិត២លាននាក់ ដើរ​កម្សាន្ត​នៅទូទាំងប្រទេស

សម្រាប់​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០២៣​កន្លងទៅនេះ ប្រជាពលរដ្ឋ​ជិត២លាននាក់​បានដើរ​ចេញកម្សាន្ត​នៅ​តាមរមណីយដ្ឋាននានា។

បើតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ ភ្ញៀវទេសចរជាតិប្រមាណ ១,៨៩ លាននាក់បានដើរលេង ដែលចំនួន​នេះមាន កើនឡើង ៥២,២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ ដោយឡែក ទេសចរបរទេសប្រមាណ ២,៧ ម៉ឺននាក់ កើនឡើង ៩០,៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនេះ រួមមាន៖

១. ត្បូងឃ្មុំ : ៤៤០.៣០០ នាក់

២. បាត់ដំបង : ២១១.៣២៩ នាក់

៣. កំពង់ឆ្នាំង : ១៦៨.០៦១ នាក់

៤. ព្រះសីហនុ : ១៥៧.០៤៦ នាក់

៥. សៀមរាប : ១២៥.៤៤៩ នាក់

ជាការកត់សម្គាល់លើរបាយការណ៍ស្ថិតិទេសចរណ៍នេះ រួមមាន៖

− ស្ថិតិទេសចរផ្ទៃក្នុងសរុបប្រមាណ ១,៩២ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្តបានរាប់បញ្ចូលចំនួន ទេសចរជាតិ និងចំនួនបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងតាមទីតាំងរៀបចំកម្មវិធីនានា។

− ជាមួយគ្នានេះ តាមគោលដៅទេសចរណ៍ខេត្តមួយចំនួនបានរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍ឲ្យមកកម្សាន្តខេត្តរបស់ខ្លួន ក្នុងនោះខេត្តត្បូងឃ្មុំបានរៀបចំព្រឹត្តិការណ៍បុណ្យអុំទូកបណ្តែតប្រទីប ភូមិមួយផលិតផលមួយ ការប្រគុំតន្ដ្រីខ្នាតយក្ស និងការបាញ់កាំជ្រួច និងខេត្តកំពង់ឆ្នាំង មានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជំនឿព្រះពុទ្ធសាសនាដែលមានការចូលរួមពីទេសចរបរទេសផងដែរ និងការរៀបចំកម្មវិធីដ៏ទៃទៀតនៅគ្រប់រាជធានីខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ។

ដោយឡែកសភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានា មានភាពល្អប្រសើរ កម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់៕