ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅថ្ងៃនេះ (១៦ តុលា) ថា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសប្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា ខណៈសម្ពាធទាបសកម្មដែលភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ បានចូលដល់កណ្តាល នៃប្រទេសវៀតណាម ហើយនឹងបន្តរំកិលឆ្ពោះមកទិសខាងលិចចូលដល់លើខ្ពង់រាបភាគឦសាននៅថ្ងៃទី១៧ ខែតុលា។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្តស្ថិតនៅតំបន់ខ្ពង់រាបឦសាន និងភាគខាងកើតជាប់នឹងប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំផ្គររន្ទៈ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០ ទៅ៧០ភាគរយ។
ចំណែកនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំផ្គររន្ទៈ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៤០ ទៅ៥០ភាគរយ៕