ចាប់តាំងពីព្រឹកថ្ងៃទី១៥ ខែតុលា ជំនន់ទឹកភ្លៀងបានហូរជន់បណ្តាលឱ្យលិចកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៧-៤៨ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងនោះក៏បណ្តាលឱ្យជន់លិចភូមិមួយចំនួនផងដែរ។
យ៉ាងណាក៏ដោយ ក្រោយទឹកជន់លិចកម្លាំងនគរបាលស្រុកគងពិសី បាននិងកំពុងចុះអន្ដរាគមន៍ជួយពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិអង្គសុគន្ធា, ភូមិអង្គរោង, ឃុំមហាឫស្សី និង ភូមិតាភោគ, ភូមិទួលត្បែង ឃុំព្រៃវិហា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ជាមួយគ្នានេះអាជ្ញាធរខេត្តក៏បានក្រើនរំលឹកដល់ពលរដ្ឋទាំងអស់នៅតំបន់ដែលរងផលប៉ះពាល់ មេត្ដាកុំទុកកូនតូច ឬមនុស្សចាស់ជរា នៅក្នុងផ្ទះ ហើយត្រូវសហការជាមួយអាជ្ញាធររាយការណ៍ពីទីតាំងដែលរងការជន់លិច ដើម្បីជួយអន្ដរាគមន៍ មកកាន់ទីទួលសុវត្ថិភាពជៀសវាងជួបហានិភ័យផ្សេងៗជាយថាហេតុណាមួយ។
គួរជម្រាបថា យោងតាមក្រសួងធនធានទឹក ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា បណ្តាខេត្តស្ថិតនៅតំបន់ខ្ពង់រាបភាគឦសាន និងភាគខាងកើតជាប់នឹងប្រទេសវៀតណាមអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរលាយឡំផ្គរន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី ៦០-៨០ភាគរយ។ ចំណែកឯ រាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី ៥០-៦០ភាគរយផងដែរ៕