ក្រោយដំណឹងមរណភាពរបស់ស្វាមីអ្នកស្រី នួន ស៊ុន្ទរី ហៅស្រីអូន បែកធ្លាយចេញកាលពីល្ងាចថ្ងៃពុធទី១១ ខែតុលា ឆ្នាំ២០២៣ លើបណ្តាញសង្គមហ្វេសប៊ុក មហាជនបានសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ខណៈប្អូនថ្លៃឧកញ៉ា ឈាង រ័ត្ន បានចេញមុខបញ្ជាក់ថា ការស្លាប់របស់បងថ្លៃដោយការចង-ក ផ្តើមចេញពីវិបត្តិផ្លូវចិត្តក្រោយពីសម្ព័ន្ធស្នេហាជាមួយភរិយាបានដល់ទីបញ្ចប់ តែការលែងលះនោះនៅមិនទាន់ដាច់ស្រេចនៅឡើយ។
បើយោងតាមរបាយការណ៍ពីសមត្ថកិច្ច ដែលបានធ្វើកំណត់ហេតុឈ្មោះ ម៉ៅ សុីវន ដែលជាប្អូនថ្លៃ ឧកញ៉ា ឈាង រ័ត្ន បានឱ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង០៨ៈ១០នាទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ខ្លួន និងគ្រួសារ បានទៅធ្វើបុណ្យនៅខេត្តព្រៃវែង ចំណែកបងថ្លៃឈ្មោះ ឈាង រ័ត្ន បានប្រាប់ថា មិនបានទៅទេ ព្រោះជាប់រវល់ទៅខេត្តកំពង់ចាម ដើម្បីមើលគ្រូចិនសែ។ ពេលធ្វើដំណើរចេញពីផ្ទះដល់មុខវត្តក្ដីតាកុយ ក៏ភ្លេចសោរផ្ទះហើយបកមកយកសោរវិញ ពេលមកដល់ផ្ទះម្តាយខ្លួនបានឃើញសោរផ្ទះនៅក្នុងរថយន្ត រួចក៏ធ្វើដំណើរចេញទៅរាងខ្លួន។ លុះរហូតដល់ម៉ោង១៤ៈ៥០នាទីថ្ងៃ ខែ ឆ្នាំដដែល រូបខ្លួនបានត្រឡប់មកផ្ទះវិញក៏ឃើញរថយន្តបងថ្លៃរបស់ខ្លួនចតនៅខាងមុខផ្ទះ ពេលនោះរូបគេបានចាក់សោរចូលក្នុងផ្ទះរួចក៏ដើរទៅក្រោយផ្ទះ ក៏ប្រទះឃើញបងថ្លៃចងក នឹងខ្សែអង្រឹងជាប់និងជណ្ដើរទ្វារក្រោយផ្ទះ រួចខ្លួនក៏បានរាយការណ៍ទៅសមត្ថកិច្ចតែម្ដង។
បន្ថែមលើនេះ សមត្ថកិច្ចបានឱ្យដឹងថា កន្លងមកសពជនរងគ្រោះធ្លាប់មានវិបត្តិផ្លូវចិត្តលែងលះគ្រួសារថ្មីៗ មិនទាន់ដាច់ស្រាច់[ស្រេច]។ តាមការពិនិត្យរបស់នគរបាលកោសលវិច្ច័យបច្ចេកទេសបានសន្និដ្ឋានថា ជនរងគ្រោះខាងលើពិតជាធ្វើអត្តឃាតខ្លួនឯង (យកខ្សែអង្រឹងចង-កខ្លួនឯងពិតប្រាកដមែន។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកើតហេតុខាងលើ។
សូមបញ្ជាក់ថា ឧកញ៉ា ឈាង រ័ត្ន(សព) និងអ្នកស្រី នួន សុន្ទរី ហៅស្រីអូនសម្រស់ធម្មជាតិ បានរៀបការជាមួយគ្នាកាលពីឆ្នាំ២០១៧ និងមានកូនស្រីម្នាក់ជាចំណងដៃ ខណៈឧកញ៉ា ឈាង រ័ត្ន មានវ័យ៤០ឆ្នាំ បានបញ្ចប់ជីវិតខ្លួនឯងដោយការចង-កធ្វើអត្តឃាត កាលពីវេលាម៉ោង១៤ៈ៥០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅផ្ទះលេខ១៤២ ផ្លូវR12 គម្រោងរ៉ូសវីល បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕