រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។
រដ្ឋបាលរាជធានីភ្នំពេញគូសបញ្ជាក់ថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ រដ្ឋនឹងដាក់រថយន្តក្រុងដឹកបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតជួបជុំគ្រួសារ រយៈពេល០៥ថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ពោល ជើងរថយន្តនឹងចាប់ផ្តើមចេញដំណើរនៅម៉ោង៦:៣០នាទីព្រឹក។ គួរបញ្ជាក់ថា សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញនឹងដំណើរការជាធម្មតាដោយប្រើប្រាស់រថយន្តក្រុងចំនួន៦០គ្រឿង។ ចំណែកសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រលប់មករាជធានីភ្នំពេញវិញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន៣៩៥គ្រឿងដែលមានគោលដៅ និងទីតាំងផ្សេងៗគ្នា។
ទោះបីជាមានជើងរថយន្តរបស់រដ្ឋដាក់ឱ្យប្រើប្រាស់ដោយមិនគិតប្រាក់មែន តែរដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ រក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំដំឡើងថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ សូមជម្រាបថា ការដាក់ឱ្យមានការជិះរថយន្តឥតគិតថ្លៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះធ្វើឡើងដោយ អនុវត្តតាមការណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣៕