បន្ទាប់ពីអ្នកលេងបណ្ដាញសង្គមជាច្រើនបានចែកចាយរូបភាពគ្រូនិងសិស្សនៅសាលាបឋមសិក្សាដំណាក់ក្សាន្ត ស្ថិតនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កំពុងរៀននៅក្នុងទឹក និងស្នើសុំអគារសិក្សានោះ ពេលនេះក្រសួងអប់រំយុវជននិងកីឡាបានសម្រេចថានឹងសាងសង់អគារសិក្សាមួយខ្នងជូនសាលារៀនដើម្បីសម្រួលដល់ការសិក្សារវាងគ្រូនិងសិស្ស ។
បើតាមសេចក្ដីបំភ្លឺរបស់ក្រសួងអប់រំយុវជននិងកីឡា ចេញផ្សាយនៅថ្ងៃទី៤ តុលា ២០២៣បានឱ្យដឹងថា នៅថ្ងៃទី៣ តុលា ២០២៣ នៅក្នុងឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានភ្លៀងធ្លាក់យ៉ាងគំហុក ដែលធ្វើឱ្យទឹកហូរចេញពីសាលាមិនទាន់និងលិចរោងដោល ស្របពេលគ្រូកំពុងបង្រៀនសិស្ស ។ ក្រោយពេលរាំងភ្លៀង សាលារៀនបានផ្អាកដំណើរការ និងអនុញ្ញាតឱ្យគ្រូ និងសិស្សត្រលប់ទៅផ្ទះវិញ ។
ក្រសួងថា នៅព្រឹកថ្ងៃទី ០៤ តុលា ២០២៣នេះ ជំនន់ទឹកភ្លៀងបានស្រកអស់ និងសាលារៀនអាចដំណើរការបង្រៀននិងរៀនធម្មតាវិញ ។ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការខ្វះខាតអគារសិក្សា ក្រសួងអប់រំ យុវជននិងកីឡាសម្រេចសាងសង់អគារសិក្សាថ្មី១ខ្នង ៥បន្ទប់ ជាអាទិភាពជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហគមន៍ និងអាជ្ញាធរដែនដី ដើម្បីឱ្យដំណើរការរៀននិងបង្រៀនកាន់តែប្រសើរនាពេលខាងមុខ។
ក្រសួងបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២២-២០២៣ សាលាបឋមសិក្សាដំណាក់ក្សាន្ត មានអគារសិក្សាមួយ១ខ្នង ៥បន្ទប់ និងមានរោងដោល១ខ្នង ១បន្ទប់ គ្រូបង្រៀនសរុប ៧នាក់ ស្រី២នាក់ និងមានសិស្សសរុប ៣៦៦នាក់ ស្រី ១៧៤នាក់ ចែកចេញជា១២ថ្នាក់ ។ បើប្រៀបធៀបចំនួនបន្ទប់រៀន និងចំនួនថ្នាក់រៀនគឺសាលានៅខ្វះបន្ទប់រៀន រួមទាំងបន្ទប់ទីចាត់ការ និងបណ្ណាល័យជាដើម។
ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការខ្វះខាតអគារសិក្សាក្រសួងអប់រំ យុវជន និងកីឡាសម្រេច សាងសង់អគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ ជាអាទិភាពជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហគមន៍ និងអាជ្ញាធរដែនដី ដើម្បីឱ្យដំណើរការរៀននិងបង្រៀនកាន់តែប្រសើរនាពេលខាងមុខ៕