សង្គម

ក្មេងប្រុស​អាយុ​ ១៤ឆ្នាំបាញ់រះក្នុងផ្សារទំនើបក្រុងបាងកក បណ្តាល​ឱ្យស្លាប់ និង​របួសជាច្រើននាក់

យោងតាមសារព័ត៌មាន The Nation Thailand ឱ្យដឹងថា នាល្ងាចថ្ងៃទី៣ ខែតុលា មានករណីផ្ទះអាវុធ បាញ់ប្រហារនៅផ្សារទំនើប Siam Paragon បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ ដោយចាប់ខ្លួនជនសង្ស័យវ័យ ១៤ឆ្នាំម្នាក់។ ក្នុងហេតុការណ៍នេះដែរ មនុស្ស ៣នាក់ត្រូវបានសម្លាប់ ខណៈ ៧នាក់ផ្សេងទៀតបានរងរបួស។

ក្រោយ​ហេតុ​ការណ៍​បាញ់​ប្រហារ​ពី​សំណាក់​​ជន​សង្ស័យ​ជា​អនីតិ​ជន​វ័យ​១៤​ឆ្នាំ​​នៅ​ផ្សារ​ផារ៉ាហ្កន​ នៃ​ទី​ក្រុង​បាងកក​ នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​ស្រឹត្ថា​ ថាវិស៊ីន បាន​សម្ដែង​មរណទុក្ខ​ដ៏​ក្រៀម​ក្រំ​បំផុត​ជូន​ចំពោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​​​ចំនួន​២​នាក់​​។ ​លោក​ដឹង​ថា​នៅ​ក្នុង​ចំណោម​​​នោះ​ ​​​ម្នាក់​ជា​អ្នក​ទេស​ចរ​ជន​ជាតិ​ចិន​ និង​ម្នាក់​ទៀត​ជា​ជន​ជាតិ​ភូមា​។ លោក​សន្យា​ថា​ នឹង​ផ្ដល់​ការ​ឧបត្ថ​ម្ភ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ទាំង​ស្មារតី​​​ និង​សម្ភារៈ​​សម្រាប់​​​គ្រួសារ​ជន​រង​គ្រោះ​។​

​សមត្ថ​​កិច្ច​បាន​កែ​សម្រួល​តួ​លេខ​អ្នក​ស្លាប់​ឡើង​វិញ​ដែល​​ក្រុម​អ្នក​សង្គ្រោះ​បន្ទាន់​ថា​ ស្លាប់​ដល់​បី​នាក់​ តាម​ពិត​ ​ស្លាប់​​ចំនួន​២​នាក់​ដែល​​​ជា​នារី​​។ ក្រៅ​ពី​នេះ មនុស្ស​៥​នាក់​រង​របួស​។​

ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ចចាប់​បញ្ជូនប៉ុស្តិ៍​នគរបាល​ដើម្បី​សួរ​ចម្លើយ ប៉ុន្តែ​សមត្ថ​កិច្ចសង្កេត​ឃើញ​ថា​ជន​សង្ស័យ​មាន​អារម្មណ៍​វិល​វល់​ និង​ច្របូក​ច្របល់​ខ្លាំង​មែន​ទែន​។ ទោះ​បី​​សមត្ថ​កិច្ច​ចង់​​សួរ​នាំ​គាត់​ក៏​មិន​កើត​។ គាត់​គ្រាន់​តែ​និយាយ​ប្រាប់​ត្រួស​ៗ​ថា​​មុន​ពេល​បាញ់​ប្រហារ​នោះ, គាត់​ស្ដាប់​ឮ​សំឡេង​មនុស្ស​ខ្សិប​ដាក់​ត្រចៀក​ថា «​​ត្រូវ​តែ​កេះ​កៃ​កាំ​ភ្លើង​បាញ់​មនុស្ស​ភ្លាម​ទៅ​»​។ ក្មេង​ប្រុស​នេះ​ធ្លាប់​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​នៅ​មន្ទីរ​ពេទ្យ​រាជា​វិថី​ ​(Rajavithi)​។ ប៉ុន្តែ​​មួយ​រយៈ​ចុង​ក្រោយ​នេះ គាត់​ខាន​លេប​ថ្នាំ​សរសៃ​ប្រសាទ​​​​​។ សមត្ថ​កិច្ច​​មិន​​​​ធ្វើ​អត្ថា​ធិប្បាយ​លម្អិត​ពេក​ទេ​នៅ​ក្នុង​រឿង​នេះ​ព្រោះ​​ជន​សង្ស័យ​ជា​អនីតិជន​។​

តា​ម​រយៈ​វីឌីអូ​ឃ្លីប​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​,​ គេ​ឃើញ​ក្មេង​ប្រុស​ដែល​​ទុក​សក់​វែង​​​ ​ពាក់​អាវ​ខ្មៅ ពាក់​វ៉ែន​តា ​ពាក់​មួក​កន្តិប​​មាន​រូប​​ទង់​ជាតិ​អាមេរិក​ ​ត្រូវ​សមត្ថ​កិច្ច​នាំ​ខ្លួន​ទៅ​កន្លែង​ឃុំ​ឃាំង​។ ក្រោយ​ពេល​បាញ់​ប្រហារ​នោះ ជន​សង្ស័យ​ក៏​លើក​ដៃ​ឱ្យ​សមត្ថ​កិច្ច​ចាប់​ខ្លួន​តាម​សម្រួល​​។ វីឌីអូ​ឃ្លីប​ដែល​ទាញ​ចេញ​ពី​កាមេរ៉ា​សុវត្ថិ​ភាព​បង្ហាញ​រូប​ជន​សង្ស័យ​លុត​ជង្គង់​ចុះ​​នៅ​លើ​​កម្រាល​ឥដ្ឋ​។​ សមត្ថកិច្ច​ក៏​ដើរ​​មួយ​​​ៗ​តម្រង់​ទៅ​រក​ជន​សង្ស័យ​ដើម្បី​ចាប់​ខ្លួន​ និង​រឹប​អូស​បាន​កាំ​ភ្លើង​ខ្លី​១​ដើម​​។​

អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ថៃ​ ឧត្ដម​សេនីយ៍​ថ​ស័ក្ដិ​ (Torsak) ​ថ្លែង​ថា​ជន​សង្ស័យ​រូប​នេះ​មាន​សិទ្ធិ​មួយ​ចំនួន​ រួម​ទាំង​សិទ្ធិ​ជា​អនីតិ​ជន​ផង​ដែរ​។ ដូច​នេះ ជន​សង្ស័យ​មាន​សិទ្ធិ​​ឱ្យ​គេ​សួរ​ចម្លើយ ​លុះ​ត្រា​តែ​មាន​អ្នក​ប្រឹក្សា​ម្នាក់​នៅក្បែរ​​ខ្លួន​​។​​ ​​សមត្ថ​កិច្ច​បាន​ចុះ​ឆែក​ឆេរ​បន្ទប់​ស្នាក់​នៅ​របស់​ជន​សង្ស័យ​ និង​​រក​ឃើញ​គ្រាប់​កាំ​ភ្លើង​ជា​ច្រើន​​គ្រាប់​។ នៅ​ក្នុង​​ចំណោម​នោះ, ​មាន​គ្រាប់​កាំ​ភ្លើង​ខ្លី​ម៉ាក​កា​៤៩​ចំនួន​​៩​គ្រាប់​ និង​សម្បក​គ្រាប់​កាទុស​​ដែល​បាញ់​រួច​ហើយ​ចំនួន​១៥​គ្រាប់​។ ​នៅ​ពេល​សមត្ថ​កិច្ច​ឆែក​មើល​ទូរស័ព្ទ​​ដៃ​របស់​ជន​សង្ស័យ​, ពួក​គេ​​រក​ឃើញ​វីឌីអូ​ឃ្លីប​មួយ​ចំនួន​ដែល​បង្ហាញ​រូប​ជន​សង្ស័យ​ហាត់​​ប្រើ​ប្រាស់​កាំ​ភ្លើង​៕​