សង្គម

ត្រីបបែលយក្សរបស់កម្ពុជា បំបែកឯតទគ្គកម្មជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក

ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ (Wonder of the Mekong) បានកឹបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។

បើតាមក្រសួងកសិកម្ម ចាប់តាំងពីធ្វើការដោះលែងវាមក ក្រុមការងារបានប្រមូលព័ត៌មានដែលមិនអាចកាត់ថ្លៃបានពីត្រីបបែលដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទូលសញ្ញា acoustic ហើយវានឹងជួយយើងការពារប្រភេទសត្វជិតផុតពូជនេះ។

គួរ​ស​ជម្រាប​ថា មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តស្ទឹងត្រែង និង​ក្រុមការងារ​គម្រោង​អច្ឆរិយ​មេគង្គ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប (IFREDI) នៃ​ទន្លេមេគង្គ​កម្ពុជា បាន​វាស់​ថ្លឹង និង​កិប​ស្លាក​លេខ ព្រមទាំង​យក​សំណាក​ធ្វើ DNA ហើយ​បាន​លែង​បបែល​យក្ស ចូលក្នុង​ទន្លេមេគង្គ កាលពី​ថ្ងៃទី​ ១៤ ខែ ​មិថុនា ឆ្នាំ ២០២២​។ បបែល​យក្ស​នេះ​មាន​ទម្ងន់ ៣០០ គីឡូក្រាម និង​ទំហំ​ចាប់ពី​ក្បាល​ដល់​ចុងកន្ទុយ​ប្រវែង ៣៩៨ សង់ទីម៉ែត្រ និង​ទទឹង​ដងខ្លួន​ប្រវែង ២២០ សង់ទីម៉ែត្រ​។