តំបន់ធំៗជាច្រើននៅប្រទេសថៃដូចជា រដ្ឋធានីបាងកក, ខេត្តននបុរី(ន័នថៈបុរី) និងខេត្តសមុទ្ទសាគរ(សាមុតប្រកាន)ជាដើម ត្រូវបានជន់លិចដោយសារភ្លៀងធ្លាក់ស្រោចខ្លាំងជាច្រើនម៉ោង កាលពីល្ងាចថ្ងៃអង្គារ។
យោងតាមនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធលូនៃរាជធានីថៃបានបង្ហាញថា ទឹកភ្លៀងខ្ពស់បំផុតត្រូវបានកត់ត្រានៅម៉ោង៨ៈ៣០នាទីយប់នៅក្នុងស្រុកប្រាខាណុង ក្នុងកម្រិត១៤០,៥មីលីម៉ែត្រ។ ទឹកជំនន់ភ្លាមៗត្រូវបានរាយការណ៍នៅក្នុងតំបន់ជាច្រើន។ ទន្ទឹមនឹងនោះ ទឹកជំនន់បានបណ្តាលឱ្យចរាចរណ៍នៅលើមហាវិថី Sukhumvit និងផ្លូវភ្ជាប់ Sois កកស្ទះ ខណៈរថយន្តជាច្រើនត្រូវបានខូចដោយសារទឹកជំនន់ជន់លិច។ នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធលូនៅប្រទេសជាប់របងកម្ពុជាមួយនេះ បានអះអាងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា រដ្ឋបាលរដ្ឋធានីបាងកក បានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ ដើម្បីជួយសង្រ្គោះអ្នកថ្មើរជើង និងអ្នកបើកបរដែលរងផលប៉ះពាល់ដោយទឹកជំនន់។
នាយកដ្ឋានឧតុនិយមថៃ បានបង្ហាញនៅថ្ងៃអង្គារថា ព្យុះត្រូពិចដែលធ្វើដំណើរពីឆ្នេរសមុទ្រនៃប្រទេសវៀតណាម កំពុងបន្តឆ្ពោះទៅកាន់ប្រទេសថៃ។ ជាមួយគ្នានេះដែរ នាយកដ្ឋានបានប្រកាសថា ព្យុះនេះនឹងនាំឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់មួយចំនួន រួមទាំងតំបន់ភាគខាងជើង ភាគឦសាន ភាគកណ្តាល និងភាគខាងកើត ក៏ដូចជារាជធានីបាងកក និងតំបន់ជុំវិញនោះ រួមទាំងតំបន់ភាគខាងកើត និងតំបន់ភាគខាងត្បូង ស្របពេលដែលតំបន់ជាច្រើនកំពុងតែជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំងស្រាប់។
ជុំវិញគ្រោះធម្មជាតិនេះ បានធ្វើឱ្យអភិបាលរាជធានីបាងកក លោក ឆែតឆាត សិទ្ធិប៉ុន អង្គុយមិនជាប់ ដោយលោកបានជំរុញឱ្យទីក្រុងមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីព្យុះបានបោកបក់លើរាជធានីក្នុងសប្តាហ៍នេះ ដែលបណ្តាលឱ្យមានឧប្បត្តិហេតុ ដែលមិននឹកស្មានដល់មួយចំនួនដូចជា៖ ការដួលរលំដើមឈើ ការដាច់ចរន្តអគ្គិសនី និងទឹកជំនន់ល្ហាចល្ហឹមពេញទីក្រុងជាដើម ដែលបង្កឱ្យមានការរំខានដល់ប្រជាជន ជាពិសេសការធ្វើចរាចរតែម្ដង។ គួរបញ្ជាក់ថា ព្យុះនេះត្រូវបានគេរំពឹងថានឹងបក់បោកឆ្លងកាត់ប្រទេសថៃ ចាប់ពីថ្ងៃពុធនេះរហូតដល់ថ្ងៃសៅរ៍៕