សង្គម

ក្រសួងសុខាភិបាលប្រាប់​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺភ្នែក​ក្រហម ខណៈអ្នក​ភូមិជិត​១រយនាក់​កំពុង​ឆ្លង​ជំងឺនេះ​នៅខេត្តរតនគិរី

ក្រសួងសុខភិបាល​បាន​ឱ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ​២០២៣ មានការផ្ទុះករណី​ជំងឺភ្នែកក្រហម ចំនួន ៩៣ករណី នៅ​ភូមិ​ប៉ក់តូច ឃុំ​ប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ក្រសួងថា ករណីនេះ​កើត​ឡើង​ដោយសារ​មានករណីដំបូង​ដែលមានអ្នក​ភូមិ​ចំនួន៨នាក់​ កាលពីថ្ងៃទី១៤ ខែកញ្ញា ទៅបុណ្យ​សពបងប្អូន​នៅ​ភូមិ​មួយ​លើទឹកដី​ប្រទេស​វៀតណាម ដែលជាភូមិ​មានព្រំប្រទល់ជាប់នឹងភូមិ​ប៉ក់តូច​នេះ។

ក្រសួងសុខាភិបាលបាន​ឱ្យដឹងថា មន្រ្តីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មន្រ្តីក្រុមឆ្លើយតបបន្ទាន់​មន្ទីរសុខាភិបាល​ខេត្ត មន្ទីរពេទ្យបង្អែកខេត្ត មន្រ្តីក្រុមឆ្លើយតបបន្ទាន់​ការិយាល័យ​ស្រុកប្រតិបត្តិ និង​មណ្ឌលសុខភាព បានចុះ​ទៅ​ពិនិត្យស្រាវជ្រាវ ផ្តល់​ការ​ព្យាបាល​ថែទាំអ្នកជំងឺ និង​អប់រំ​ភ្លាមៗ បន្ទាប់​ពីទទួល​បាន​នូវ​ការរាយការណ៍​ពីមណ្ឌលសុខភាព​សោមធំ​នៅ​យប់​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​២០២៣។

រោគសញ្ញាជំងឺភ្នែកក្រហម​រួមមាន នៅ​ផ្នែកស នៃភ្នែក​ឡើង​ពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើម​ត្របកភ្នែក ជាពិសេស​នៅពេលព្រឹក មានហូរទឹកភ្នែកច្រើន​ជាង​មុន ដោយ​សារ​មានការ​កើន​ឡើង​នូវ​ការផលិតទឹកភ្នែក រកាំភ្នែក​ដោយសារ​មានអារម្មណ៍ថា មានអ្វី​នៅ​ក្នុងភ្នែក ឬចង់ញីភ្នែក រមាស់ភ្នែក រលាក និង​ ឬក្រហាយភ្នែក មានអារចម៌ភ្នែក ចុកគ្រាប់ភ្នែក។ល។

យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលបញ្ជាក់ថា ករណីភាគច្រើន​នៃជំងឺភ្នែកក្រហមគឺស្រាល ជាធម្មតា​ការឆ្លង​នឹងជាសះស្បើយ​ក្នុងរយៈពេល​ពី៧ ទៅ​១៤ថ្ងៃ ដោយ​មិន​តម្រូវ​ឱ្យមានការព្យាបាល និង​មិន​មាន​ផលវិបាក​រយៈពេល​វែង​នោះទេ។ តែក្នុងករណីខ្លះ ការ​រលាកភ្នែកដោយវីរុស​ត្រូវ​ការ​រយៈពេល ២ ទៅ៣សប្តាហ៍ ឬច្រើនជាងនេះ​ដើម្បីជាសះស្បើយ។ គ្រូពេទ្យ​អាច​ផ្តល់ថ្នាំអង់ទីប៊ីយោទិច ដូចជា​ថ្នាំបន្តក់ភ្នែក ឬថ្នាំដាក់ភ្នែក។

ការ​ឱ្យថ្នាំបន្តក់ ឬថ្នាំដាក់ភ្នែក ជួយ​បន្ថយ​រយៈពេល​នៃការឆ្លង កាត់បន្ថយផលវិបាក និង​កាត់បន្ថយ​ការ​រីករាល​ដាល​ដល់អ្នកដទៃ ជំងឺភ្នែកក្រហម​បង្ក​ឡើង​ដោយសារធាតុ​អាលែហ្សេន ។ ថ្នាំអាឡែហ្ស៊ី និង​ថ្នាំបន្តក់​ភ្នែក​មួយ​ចំនួន ក៏​អាច​ផ្តល់នូវ​ការ​ធូរស្រាល​ពីជំងឺផងដែរ៕