ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មហាជនខ្មែរជាច្រើនបានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះវត្តភូម៉ានហ្វា ស្ថិតនៅក្នុងខេត្តបុរីរម្យ ប្រទេសថៃ ដែលបានសង់សំណង់ ព្រមជាមួយក្បាច់រចនាស្រដៀងទៅនឹងប្រាសាទអង្គរវត្តរបស់កម្ពុជា ដោយពេលបច្ចុប្បន្នបានសាង់សង់បន្ថែមជាច្រើន និងទាមទារឱ្យក្រសួងវប្បធម៌កម្ពុជាមានវិធានការ។
យ៉ាងណាក៏ដោយនៅរសៀលថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២៣នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ដោយថា ពាក់ព័ន្ធករណី នៃការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ក្រសួងវប្បធម៌បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសកម្មភាព នៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំតាំងពីដើមរៀងមក ពោលគឺចាប់តាំងពីករណីនេះបានផ្ទុះឡើងនាអំឡុងឆ្នាំ២០២១មកម្ល៉េះ។
ក្រសួងវប្បធម៌បញ្ជាក់ថា ចំណាត់ការកន្លងមកដែលក្រសួងបានធ្វើ គឺផ្តោតលើសកម្មភាពទំនាក់ទំនងការទូតរវាងក្រសួងវប្បធម៌ និងភាគីថៃ (ស្ថានទូតថៃប្រចាំកម្ពុជា និងក្រសួងវប្បធម៌ថៃ) ដោយបានបញ្ជូនអ្នកសិក្សាស្រាវជ្រាវ ដើម្បីចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់ ប៉ុន្តែស្ថានភាពនៅពេលដែលអ្នកជំនាញចុះទៅ បានពិនិត្យឃើញថា សំណង់នៅមិនទាន់មានការសាងសង់បន្ថែមនៅឡើយ។
បើតាមក្រសួងវប្បធម៌ ករណីនៃការបញ្ជូនអ្នកជំនាញចុះត្រួតពិនិត្យ និងចរចា គឺមានជំហរច្បាស់លាស់ក្នុងការទប់ស្កាត់នូវរាល់ទង្វើទាំងឡាយណាដែលបានចម្លងអត្តសញ្ញាណជាតិរបស់យើង ដោយផ្អែកទៅលើសកម្មភាពការទូត ការងារផ្ទៀងផ្ទាត់បែបបច្ចេកទេស ការងារចុះពិនិត្យទីតាំងផ្ទាល់ និងការងារផ្លូវច្បាប់ជាតិ និងអន្តរជាតិក្នុងករណីដែលត្រូវប្រកាន់យក។
ទោះយ៉ាងណាចំពោះករណីនេះ ក្រសួងបានបញ្ជាក់ជាថ្មីថា ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតែបន្តនីតិវិធីដោះស្រាយតាមជំនាញ និងការទូត ហើយក្រសួងក៏ថ្លែងអំណរគុណចំពោះទឹកចិត្តស្រឡាញ់ ការគាំទ្រមោះមុតរបស់បងប្អូនប្រជាពលរដ្ឋ និងការចូលរួមផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដែលជាជំនួយដ៏សំខាន់សម្រាប់កិច្ចការអភិរក្សបេតិកភណ្ឌដ៏ថ្លៃថ្លារបស់កម្ពុជា៕