រាជបណ្ឌិត្យសភាកម្ពុជាមានកិត្តិយស បានសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅវចនានុក្រមខ្មែរ បោះពុម្ពសៀវភៅ និងទម្រង់ឌីជីថល ដែលជាសមិទ្ធផលថ្មីមួយទៀត ពីក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។
តាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានគណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរ បានលើកឡើងថា សមិទ្ធផល«វចនានុក្រមខ្មែរ»ឆ្នាំ២០២២ ធ្វើឡើងដោយផ្អែកលើពាក្យដែលមានស្រាប់នៅក្នុងវចនានុក្រុមខ្មែរសម្ដេចសង្ឃជួនណាតទាំងស្រុង ដែលមានតែជាង ១៨០០០ពាក្យប៉ុណ្ណោះ ហើយក្រុមការងារគណៈកម្មាធិការបានស្រាវជ្រាវនិងអនុម័តនូវមេពាក្យនិងបង្កើតនូវពាក្យថ្មីៗដែលកំពុងមានប្រើប្រាស់ក្នុងសង្គមបច្ចុប្បន្ន ជាង៣ម៉ឺនពាក្យបន្ថែម។
ជាមួយការខិតខំប្រឹងប្រែងរបស់ក្រុមការងារគណៈកម្មាធិការជាតិរៀបចំវចនានុក្រម ទាំង៦៥អង្គ/នាក់ វចនានុក្រមខ្មែរ ឆ្នាំ២០២២ បានលេចចេញជារូបរាងដោយមានជាពីរទម្រង់ គឺការបោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល ដែលអាចប្រើប្រាស់បាននៅលើទូរសព្ទ និង កុំព្យូទ័រ។ «វចនានុក្រុមខ្មែរ» ឆ្នាំ២០២២នេះ ជាសមិទ្ធផលក្រោមការផ្ដួចផ្ដើមពីសម្ដេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន ដែលបានផ្ដល់នូវលទ្ធភាពដល់រាជបណ្ឌិត្យសភាកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិភាសាខ្មែរ រៀបចំក្រុមការងារគណៈកម្មាធិការរៀបចំវចនានុក្រម រហូតសម្រេចបានពាក្យក្នុងវចនានុក្រមខ្មែរ សរុបចំនួន ៤៤ ៦៩៧ ក្នុងនោះមានមេពាក្យចំនួន ៣១ ០៣៧ ។
សូមរំឭកដែរថា វចនានុក្រុមខ្មែរ បោះពុម្ពលើកដំបូងបំផុតកាលពីឆ្នាំ១៩៦៧ ១៩៦៨ ដែលសាធារណជនខ្មែរនានា តែងស្គាល់និងហៅថា វចនានុក្រម សម្ដេចសង្ឃរាជ ជួន ណាត។ វចនានុក្រមនេះ ជាការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ដែលជាវចនានុក្រមខ្មែរ បាននិងកំពុងប្រើប្រាស់ជាផ្លូវការរហូតមកដល់បច្ចុប្បន្ន ហើយសមិទ្ធផល «វចនានុក្រមខ្មែរ»ឆ្នាំ២០២២ ដែលត្រូវប្រកាសឱ្យប្រើប្រាស់នេះក៏ពិតមែន តែវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត នៅតែមានតម្លៃក្នុងការប្រើប្រាស់ដដែល៕