សង្គម

អ្នកជំនាញ ៖ ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ ផ្តល់ផលចំណេញច្រើនដល់វិស័យទេសចរណ៍កម្ពុជា

ក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ(Equinox Angkor)ដែលជាព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត ត្រូវបានរំពឹងថាអាចនឹងកើតមានឡើងនៅក្នុងខែកញ្ញានេះ ខណៈ អ្នកជំនាញដែលធ្វើការក្នុងវិស័យទេសចរណ៍ យល់ថា ព្រឹត្តិការណ៍នេះ ពិតជាបានផ្តល់ផលចំណេញច្រើនដល់វិស័យទេសចរណ៍កម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ-Equinox Angkor គឺនឹងកើតមាននៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ចន្លោះពីម៉ោង ៥ នាទី ដល់ម៉ោង ៧ នាទីព្រឹក។

ក្រសួងបន្តថា៖« ព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត នារដូវវស្សានេះ នឹងកើតទ្បើងចំថ្ងៃទី២១-២២-២៣ ខែកញ្ញា ហើយព្រឹត្តិការណ៍នេះ គឺជាសមរាត្រីរដូវវស្សា ដែលវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលជាព្រឹត្តិការណ៍កើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ គឺនៅក្នុងខែកញ្ញា និងខែមីនា»។