កិច្ចបន្តពិភាក្សារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ នៅតែមិនទាន់សម្រេចនៅឡើយ ខណៈភាគីនិយោជកដាក់តួលេខ ២០១.៥ដុល្លារ ភាគីរដ្ឋាភិបាលទើបបញ្ចេញតួលេខរបស់ខ្លួនគឺ ២០២ដុល្លារ រីឯភាគីសហជីពបានស្នើតួលខ២ផ្សេងទៀត គឺទី១តួលេខ ២០៤ដុល្លារ និងទី២តួលេខ ២១៣ដុល្លារ។
បើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ជាលទ្ធផល តំណាងភាគីកម្មករនិយោជិតបានដាក់គោលជំហរចុងក្រោយរបស់ខ្លួនចំនួន២ ផ្សេងគ្នាគឺ តួលេខ ២០៤ដុល្លារអាមេរិក មានសំឡេងគាំទ្រ១២លើ១៧នាក់ និងតួលេខ ២១៣ដុល្លារអាមេរិក មានសំឡេងគាំទ្រ៥លើ១៧នាក់។
តំណាងភាគីនិយោជក បានដាក់គោលជំហរចុងក្រោយរបស់ខ្លួនចំនួន ២០១.៥ដុល្លារអាមេរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើលក្ខណបច្ចេកទេស បានលើកឡើងនូវតួលេខចំនួន ២០២ដុល្លារអាមេរិក។
គួរឱ្យដឹងដែរថា កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសរុបមានចំនួន១៩លើក ដែលរួមមាន កិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន៨លើក, កិច្ចប្រជុំទ្វេភាគីចំនួន២លើក និងកិច្ចប្រជុំត្រីភាគីចំនួន៩លើក។ ដោយឡែក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ មានកិច្ចពិភាក្សាចំនួន៣លើកផ្សេងគ្នា ដោយមានកិច្ចប្រជុំផ្ទៃក្នុងតំណាងភាគីកម្មករនិយោជិតចំនួន១លើក និងកិច្ចប្រជុំត្រីភាគីចំនួន២លើក។
សេចក្តីប្រកាសព័ត៌មានដដែលឱ្យដឹងថា តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក នឹងគោរពស្នើសុំនូវសំណូមពរផ្សេងៗ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវបរិយាកាសវិនិយោគ និងបរិយាកាសធុរកិច្ចកាន់តែប្រសើរ ព្រមទាំងកាត់បន្ថយការចំណាយរបស់បងប្អូនកម្មករនិយោជិត ក៏ដូចជាការពារនូវសិទ្ធិ កិត្តិយស និងអត្ថប្រយោជន៍របស់កម្មករនិយោជិត។
អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង៩:០០នាទីព្រឹក៕