សង្គម

លោក អ៊ុក កុសល ត្រូវ​អស់​តំណែងជា​ស្នងការ​ខេត្ត​កំពង់ធំ បន្ទាប់ពីក្រសួងមហាផ្ទៃរកឃើញ​ការ​ពិត

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក​នាយ​ឧត្តម​សេនីយ៍ ខៀវ សុភ័គ បាន​ថ្លែង​នៅ​រសៀល​ថ្ងៃនេះថា ក្រសួងមហាផ្ទៃ​បាន​សម្រេច​បញ្ចប់​មុខ​តំណែង​លោក អ៊ុក កុសល ពី​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំហើយ ក្រោយ​ពី​ការ​ស៊ើប​អង្កេត​រកឃើញថា លោក​បាន​ប្រព្រឹត្ត​ដូច​ការ​ប្តឹងមែន។

លោក អ៊ុក កុសល ត្រូវបាន​នគរបាលនារីៗមួយចំនួន ដែល​ស្ថិត​នៅ​ក្រោមឱវាទរបស់​លោក​ ប្តឹងទៅសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថា លោក​ស្នងការរូបនេះ បានបៀតបៀនកេរ្តិ៍ខ្មាសលើពួកនាង។

លោក ខៀវ សុភ័គ បានបន្ថែមថា លោក អ៊ុក កុសល ត្រូវបានទម្លាក់ឋានន្តរស័ក្តិពីផ្កាយ២ (ឧត្តមសេនីយ៍ទោ) មកនៅត្រឹមស័ក្តិ៥ (វរសេនីយ៍ឯក) ហើយក្រសួងមហាផ្ទៃ បានស្នើឲ្យទម្លាក់ស័ក្តិ២ថ្នាក់ថែមទៀត (អាចនៅត្រឹមស័ក្តិ៣)៕