ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានប្រកាសថា ការប្រគល់សម្បត្តិបេតិកភណ្ឌវប្បធម៌មកកម្ពុជាវិញពីសំណាក់រដ្ឋាភិបាលបារាំង ជាការឆ្លុះបញ្ចាំងនូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ខណៈសាស្រ្តាចារ្យប្រវត្តិសាស្រ្តលើកឡើងថាជាសមានចិត្តដ៏មានគុណធម៌។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង នៅថ្ងៃទី៥ ខែកញ្ញា បានឱ្យដឹងថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក កេត សោផាន់ បានទទួលចម្លាក់លិបមួយផ្ទាំង ដែលត្រូវបានភ្នាក់ងារគយបារាំងរឹបអូសបាន ដែលពិធីប្រគល់នេះត្រូវបានធ្វើឡើងនៅនាយកដ្ឋានគយអន្តរតំបន់ និងសិទ្ធិប្រយោលនៃទីក្រុងលីយ៉ុង។
ឯកអគ្គរាជទូតកម្ពុជាបានលើកឡើងថា ការប្រគល់ចម្លាក់នេះដែលតំណាងឱ្យផ្នែកមួយនៃប្រវត្តិសាស្ត្រ និងជាបំណែកនៃដួងព្រលឹងអាណាចក្រខ្មែរ ក៏នឹងអនុញ្ញាតឱ្យមានការរួមផ្គុំឡើងវិញនៃដួងព្រលឹងជាតិ និងអត្តសញ្ញាណខ្មែរផងដែរ៕