សមត្ថកិច្ចជំនាញនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីសុខាភិបាលនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះបង្ក្រាបបាន វ៉ាក់សាំងការពាជំងឺឆ្កែឆ្កួត Abhayarab ខុសច្បាប់ចំនួន៣៥១ប្រអប់ នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ផ្អែកតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្រោមការបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ដោយមានការសម្របសម្រួលនីតិវិធីផ្ទាល់របស់លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងឱសថស្ថានពន្លឺបឹងត្របែក ស្ថិតនៅផ្ទះលេខ ២២-២៣ ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ឌីភីហ្វាម៉ាខូអិលធីឌី ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយស្របច្បាប់ នូវប្រភេទវ៉ាក់សាំង Abhayarab នេះនៅកម្ពុជាតែមួយគត់។
សមត្ថកិច្ចបន្តថា ក្រោយការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញ និងដកហូតនូវវ៉ាក់សាំងម៉ាក Abhayarab ខុសច្បាប់ និងបាននាំខ្លួនម្ចាស់ទីតាំងយកមកសារសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។ សមត្ថកិច្ចជំនាញ ក៏បានអំពាវនាវដល់ឱសថស្ថាន គ្លីនិក ក៏ដូចជាទីតាំងចែកចាយ ឫផ្តល់សេវាសុខាភិបាលទាំងអស់ត្រូវបញ្ឈប់ការទិញ លក់ ឫប្រើប្រាស់នូវប្រភេទវ៉ាក់សាំង Abhayarab ខុសច្បាស់ពុំមានចុះបញ្ជិកា និងរក្សាទុកពុំបានត្រឹមត្រូវតាមកម្រិតស្ដង់ដារជាបន្ទាន់ ព្រោះវាអាចនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕