សង្គម

ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋឲ្យ​បន្តប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណ:ភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយ នៅសប្តាហ៍នេះ

ក្រសួងធនធានទឹក និង​ឧតុនិយម នៅថ្ងៃព្រឹកថ្ងៃនេះ បាន​ឲ្យដឹងថា ប្រព័ន្ធ​សម្ពាធទាប​មួយ​បានអូស​បន្លាយ​ឆ្លង​កាត់​ភាគ​ខាងជើង​ប្រទេស​ថៃ ឡាវ និង​វៀតណាម ហើយ​ជាមួយ​គ្នា​នេះ ខ្យល់​មូសុង​និរតីមាន​ល្បឿន​មធ្យម​បក់​លើ​កម្ពុជា។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យ បណ្តា​ខេត្ត​នៅ​តំបន់ទំនាប​កណ្តាលអាច​មាន​ភ្លៀងធ្លាក់រាយ​ប៉ាយ​ពីតិច ទៅបង្កួរ តែ​ក្នុង​នោះ ក៏​មាន​ផ្នែក​មួយ​ចំនួន នៃ​បណ្តា​ខេត្ត​នៅ​ភាគ​ខាង​ត្បូង និង​ភាព​ពាយ័ព្យ អាច​មាន​ភ្លៀងធ្លាក់ច្រើន។

សម្រាប់​បណ្តា​ខេត្ត​នៅ​តំបន់ជួរ​ភ្នំដងរែក និង​ខ្ពង់រាបឦសាន អាច​មាន​ភ្លៀងធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពីតិច ទៅបង្គួរ។

ដោយ​ឡែក​បណ្តា​ខេត្ត​នៅ​តំបន់មាត់សមុទ្រ អាច​មាន​ភ្លៀងធ្លាក់ពី​មធ្យម​ទៅ​បង្កួរ ហើយ​រលក​សមុទ្រ​អាច​មាន​កម្ពស់​ពី ០.២៥ ទៅ០.៧៥ម៉ែត្រ។

យ៉ាងណាក៏​ដោយ ក្រសួង​ស្នើ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូម​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូតផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់ ដែលអាច​កើត​មាន​នៅ​ផ្នែក​មួយ​ចំនួន នៃ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​ភាគ​កណ្តាល៕