ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣ លើកទី៣ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ ភាគីទាំងពីរមិនទាន់ស្រុះស្រួលគ្នានៅឡើយទេ ដោយភាគីខាងសហជីពទាមទាចំនួន១៥ដុល្លារបន្ថែម ខណៈក្រុមនិយោជកផ្ដល់ជូនប្រាក់បន្ថែមត្រឹមតែ១ដុល្លារប៉ុណ្ណោះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនាថ្ងៃនេះ យើងមានកិច្ចប្រជុំ៣លើកដាច់ដោយឡែក គឺទី១កិច្ចប្រជុំរវាងរាជរដ្ឋាភិបាលជាមួយក្រុមនិយោជិក និងកិច្ចប្រជុំមួយទៀតរវាងរដ្ឋាភិបាលជាមួយសហជីពកម្មករនិយោជក បន្ទាប់មកយើងប្រជុំទ្វេភាគីរួច ទើបយើងមកប្រជុំត្រីភាគី។ កិច្ចប្រជុំថ្ងៃនេះ យើងឃើញតួលេខចុងក្រោយ ប៉ុន្តែជាតួលេខដំបូងដែលយើងដឹងឭគ្រប់ភាគី។ ឯកឧត្តមថា៖« ភាគីនិយោជក គាត់បានស្នើសុំឱ្យមានការកើនត្រឹម១ដុល្លារ បានន័យថាសម្រាប់ឆ្នាំ២០២៤ ខាងនិយោជកគាត់ចង់បានប្រាក់ឈ្នូល២០១ដុល្លារក្នុងមួយខែ។ ចំណែកខាងកម្មករនិយោជិត គាត់ដាក់តួលេខរួមមួយ គឺស្នើបន្ថែមចំនួន១៥ដុល្លារ ដែលតាមសំណើរបស់ខាងកម្មករនិយោជិតកើនដល់២១៥ដុល្លារក្នុងមួយខែ»។
រដ្ឋមន្ត្រីរូបនេះបន្ថែមថា នេះជាគោលជំហរដំបូងរបស់ភាគីនិមួយៗ ហើយឯកឧត្តមជឿជាក់ថា នៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ ភាគីទាំងពីរ និងពិចារណា ហើយនឹងអាចកែសម្រួលនៅតួលេខនេះ ជាបណ្តើរៗថែមទៀត។ ដោយឡែក ភាគីក្រសួង ឬរាជរដ្ឋាភិបាល នឹងខិតខំសម្របសម្រួលដើម្បីឱ្យភាគីទាំងពីរកាន់តែយល់គ្នា កាន់តែកែសម្រួលគោលជំហររបស់ខ្លួនឱ្យកាន់តែកៀក ឬប្រហាក់ប្រហែលគ្នាមុនយើងសម្រេចទៅដល់ការបោះឆ្នោត ឬយើងឯកភាពគ្នាជាឯកច្ឆន្ទមុនពេលភ្ជុំបិណ្ឌខាងមុននេះ។ លោកគង់ ចាន់សំណាង តំណាងសហជីពបានឱ្យដឹងដែរថា កន្លងមកសហជីពបានប្រជុំគ្នាដើម្បីស្វែងរកតួលេខហើយ ឃើញថា មានបងប្អូនខ្លះគាត់បានលើកតួលេខផ្សេងៗគ្នា ប៉ុន្តែជាផ្លូវការយើងមិនទាន់បានចេញនៃកិច្ចប្រជុំលើកទី២នោះទេ ដោយឡែក កិច្ចប្រជុំលើកទី៣ យើងបានប្រជុំឯកភាពគ្នាម្ដងទៀត ដើម្បីចេញតួលេខតែមួយ។ លោកថា៖«ថ្ងៃនេះ ខាងសហជីពបានប្រជុំឯកភាពយកតួលេខចុងក្រោយចំនួន២១៥ដុល្លារ។ ដោយឈរលើកត្តាចំនួន៧ ដែលនៅក្នុងច្បាប់ប្រាក់ឈ្នូលចែងមកហើយ គឺយើងយកលក្ខណៈវិនិច្ឆ័យសម្រាប់យកមកពិភាក្សា ហើយនឹងស្រាវជ្រាវការបម្រែបម្រួលលក្ខណៈវិនិច្ឆ័យទាំង៧នេះ សុទ្ធសឹងតែបច្ចេកទេសទាំងអស់ ដូច្នេះការស្នើសុំនេះ គឺយើងអត់មានការស្នើសុំដោយអត់មានទឡ្ហីករណ៍ ឬលក្ខណៈវិនិច្ឆ័យណាដែលក្រៅពីលក្ខណៈទាំង៧នោះទេ»។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តកិច្ចប្រជុំសម្រេចកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ ឱ្យបានចប់នៅមុនពិធីបុណ្យភ្ជុំបិណ្ឌ តាមអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ខណៈអង្គប្រជុំបានឯកភាពគ្នា កំណត់កិច្ចពិភាក្សាបន្តទៀត នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បន្តទៀត៕