សង្គម

សាលារៀន​មួយ​ចំនួន​ចាប់​ផ្តើម​បើក​ឡើងវិញនៅព្រឹក​ថ្ងៃនេះ ក្រោយបិទទ្វារអស់កន្លះឆ្នាំ

នៅព្រឹកថ្ងៃចន្ទនេះ សាលា​រៀន​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បើក​ដំណើរ​ការ​ឡើងវិញ​ហើយ​សម្រាប់​ដំណាក់​កាលទី២ ក្រោយ​ពី​បាន​បិទទ្វារ​អស់​រយៈ​ពេល​ប្រមាណ​កន្លះ​ឆ្នាំ​មក​ហើយ ក្រោយ​ការ​ផ្ទុះ​ឡើង​នៃវីរុស​ផ្លូវ​ដង្ហើម​កូវីដ​១៩។

យ៉ាងណាក៏ដោយ ការបើកដំណើរការសាលា​រៀន​ឡើងវិញនេះ ក៏​ត្រូវអនុវត្តនូវស្តង់ដាអនាម័យ តាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងសុខាភិបាលផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

យោងតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឲ្យ​សាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព។

កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់។

សិស្សានុសិស្សទាំងអស់ មុនពេលចូលសាលាតម្រូវឲ្យ​មានការវាស់កម្តៅ វាយត្រាសម្គាល់ លាងសម្អាតដៃកម្ចាត់មេរោគ ពាក់ម៉ាស់ ឬរបាំងមុខកាត់បន្ថយការប្រមូលផ្ដុំជាដើម។

សូមជម្រាបថា ការបើកទ្វាសាលារៀនឡើងវិញ នៃគ្រឹះស្ថានសិក្សារដ្ឋ អនុវត្តសម្រាប់តែថ្នាក់ទី៩ និងទី១២ប៉ុណ្ណោះ ដោយឡែកសម្រាប់ខេត្តចំនួន៤ទៀតរួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលមានអត្រាឆ្លងកូវីដ-១៩ កម្រិតទាប ក្រសួងបានអនុញ្ញាតឱ្យបើកដំណើរការគ្រប់កម្រិតសិក្សាតាំងពីថ្នាក់១ ដល់ទី១២៕