សង្គម

អាជ្ញាធរខេត្តកោះកុង អំពាវនាវឱ្យប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្ទ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ

រដ្ឋបាលខេត្តកោះកុងនៅថ្ងៃទី៣១ ខែសីហានេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងមូលដ្ឋានខេត្តកោះកុងទាំងអស់ ជាពិសេសបងប្អូនប្រជានេសា ក៏ដូចជាអ្នកធ្វើដំណើរតាមផ្លូវសមុទ្ទត្រូវបង្កើនការប្រុងប្រយ័ន្នឱ្យបានខ្ពស់ចំពោះគ្រោះថ្នាក់ធម្មជាតិផ្សេងៗ ដោយសារអាកាសធាតុតំបន់ជាប់មាត់សមុទ្ទអាចមានភ្លៀងធ្លាក់លាយឡំដោយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ហើយលើផ្ទៃសមុទ្ទមានរលកខ្ពស់ៗ។

រដ្ឋបាលខេត្តកោះកុង បានគូសបញ្ជាក់ថា៖«សូមរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព សមត្ថកិច្ច និងអ្នកពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជួយបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរឱ្យបានទាន់ពេលវេលា និងធានាដល់សុខសុវត្ថិភាពរបស់ប្រជាជនគ្រប់រូប»។ ការចេញសេចក្តីអំពាវនាវក្រើនរំលឹកដល់ពលរដ្ឋនេះ ធ្វើឡើងដោយយោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថាចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់ជាប់មាត់សមុទ្ទនឹងមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ពីកម្រិតបង្គួរ ទៅច្រើននិងលាយឡំដោយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ រីឯនៅលើផ្ទៃសមុទ្ទអាចមានខ្យល់បោកបក់ខ្លាំង ព្រមទាំងមានរលកសមុទ្ទខ្ពស់ៗផងដែរ៕