រដ្ឋបាលខេត្តព្រះសីហនុលើកទឹកចិត្តដល់ម្ចាស់ទូកនេសាទមកស្នើសុំចុះបញ្ជីទូកនេសាទរបស់ខ្លួននៅច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ដោយខេត្តនឹងបញ្ចុះតម្លៃ ៥០ភាគរយសម្រាប់ការចុះបញ្ជីនៅឆ្នាំ២០២៣នេះ។ ទូកដែលបានចុះបញ្ជីរួចហើយ ខាងខេត្តនឹងបំពាក់ឧបករណ៍ GPS ដើម្បីតាមដានទូក និងដើម្បីជួយសង្គ្រោះដោយឧបទ្ទហេតុណាមួយនៅលើលម្ហសមុទ្រ។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានណែនាំឱ្យក្រុង ស្រុក មេឃុំ ចៅសង្កាត់ផ្សព្វផ្សាយនៃការចុះបញ្ជីទូកនេសាទដល់ប្រជានេសាទឱ្យបានទូលំទូលាយ។ ជាមួយគ្នានេះមន្ត្រីជំនាញត្រូវខិតខំជួយសម្រួលជួនពួកគាត់តាមនីតិវិធី សម្រួលឯកសារឱ្យប្រជានេសាទពោលត្រូវធ្វើជូនពួកគាត់ឱ្យបានកាន់តែលឿន និងតម្លាភាពដើម្បីឱ្យកម្ពុជាចេញផុតពីកាតក្រហមរបស់សហភាពអឺរ៉ុប។
ប្រតិភូអមរាជរដ្ឋាភិបាល ជាប្រធានរដ្ឋបាលជលផល លោក ពុំ សេដ្ឋា មានបញ្ជាក់ថា បច្ចប្បន្នទូកនេសាទនៅក្នុងខេត្តព្រះសីហនុមិនទាន់បានចុះបញ្ជី ហើយទូកដែលបានចុះបញ្ជីរួចរាល់នឹងមានការបំពាក់ជូននូវឧបករណ៍ GPS ដែលសហភាពអឺរ៉ុប IU បានផ្តល់ថវិកាក្នុងការបំពាក់ឧបករណ៍ GPS តាមដានទូកនេសាទដែលបានចុះបញ្ជីរួច។
លោកគូសបញ្ជាក់ថា ការចុះបញ្ជីផ្តោតសំខាន់សម្រាប់ការគ្រប់គ្រងឱ្យមានតម្លាភាព ប្រសិទ្ធភាព និងការងារជួយសង្គ្រោះដោយឧបទ្ទហេតុណាមួយនៅក្នុងលម្ហរសមុទ្រ។
តាមច្បាប់កម្ពុជាទូកអូសមិនអនុញ្ញាតិឱ្យអូសនៅក្រោមជម្រៅទឹក ២០ម៉ែត្រ ដូច្នេះអាជ្ញាធរមូលដ្ឋាន និងសហគមនេសាទត្រូវកំណត់ដែននេសាទសម្រាប់ទូកនេសាទ មានដូចជា អួនអូស ទូក លបក្តាម ត្រូវពង្រីកដែននេសាទនៅក្នុងសហគម ដើម្បីរួមគ្នាថែរក្សា ការពារ និងអភិរក្សធនធានជលផលរបស់យើងឱ្យសម្បុរបែបបន្ថែមទៀតសម្រាប់ប្រជានេសាទ និងការនេសាទនាំចេញ។
កម្ពុជាបានជាប់កាតក្រហមរបស់សហភាពអឺរ៉ុបតាំងពីឆ្នាំ២០១៤ ពោលមានរយៈពេល ៩ឆ្នាំមកហើយ ការជំរុញចុះបញ្ជីនាវា ទូកនេសាទនេះ ដើម្បីដោះកាតក្រហមពី IU នៅពេលខាងមុខ។
សូមរម្លឹកថា នៅខេត្តព្រះសីហនុ មានទូកនេសាទតូចធំ សរុបចំនួន ២ ៥២៣ទូក ហើយទូកដែលបានសុំបង់ពន្ធដែននេសាទមានចំនួន ៦៥ទូក៕