យោងតាមសារព័ត៌មាន Bangkok Post នៅថ្ងៃទី៣០ ខែសីហា ឱ្យដឹងថា មេធាវីលោក ថាក់ស៊ីន កំពុងរៀបចំស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រថៃ។
មេធាវី Winyat Chartmontree បានឱ្យដឹងថា លោកកំពុងរៀបចំឯកសារចាំបាច់ទាំងអស់ ដើម្បីសុំឱ្យព្រះមហាក្សត្រថៃលើកលែងទោសអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា។
ប្រភពដដែលឱ្យដឹងទៀតថា មេធាវីរបស់លោក ថាក់ស៊ីន មិនបានបង្ហាញកាលបរិច្ឆេទជាផ្លូវការសម្រាប់ការលើកលែងទោសនោះទេ ខណៈជាធម្មតា អ្នកទោសដែលបានជាប់ពន្ធនាគារ ១ ភាគ ៣ នៃចំនួនឆ្នាំសរុប ឬបានជាប់ពន្ធនាគារយ៉ាងតិចប្រាំបីឆ្នាំ ទើបអាចដាក់សំណើសុំលើកលែងទោសបាន។
គួរឱ្យដឹងដែរថា កាលពីថ្ងៃទី២២ សីហា ឆ្នាំ២០២៣ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានវិលត្រឡប់ទៅប្រទេសថៃវិញបន្ទាប់ពីនិរទេសខ្លួនអស់ ១៥ឆ្នាំ និងត្រូវបាននាំទៅពន្ធនាគារ Remand ក្នុងទីក្រុងបាងកក បន្ទាប់ពីតុលាការកំពូលបានកាត់ទោសគាត់ឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ ពីបទស៊ីសំណូក អំពើពុករលួយ ការក្លែងបន្លំយោធា និងឧក្រិដ្ឋកម្មផ្សេងៗទៀត។
ក្នុងយប់ដំបូងរបស់លោក ថាក់ស៊ីន នៅក្នុងពន្ធនាគារ លោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដោយជំងឺលើសឈាម ដែលត្រូវបានគេជឿថាបណ្តាលមកពីការគេងមិនលក់ ខណៈនាយកដ្ឋានកែតម្រូវនៃប្រទេសថៃបានបញ្ចាក់ឱ្យដឹងថា លោកថាក់ស៊ីន ទទួលរងពីជំងឺចំនួនបួន រួមមាន ជំងឺបេះដូង ជំងឺសួត ជំងឺលើសឈាម និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល៕