នៅក្នុងកិច្ចប្រជុំលើកទី២ នៃការចរចាប្រាក់ឈ្នួលអប្បបរមា មិនទាន់កំណត់តួលេខប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិត សម្រាប់ឆ្នាំ២០២៤ នៅឡើយទេ ដោយរង់ចាំប្រជុំផ្ទៃក្នុង និងពិភាក្សាគ្នាបន្ថែមទៀត ដើម្បីឈានទៅស្របគំនិតគ្នានាពេលខាងមុខ។
គួររំឭកថា ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣ ដែលមានសមាសភាពស្មើៗគ្នាពីតំណាងភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក បានបើកកិច្ចពិភាក្សាគ្នា១លើករួចមកហើយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ហើយនៅថ្ងៃទី២៨ ខែសីហា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចពិភាក្សារបស់ខ្លួនជាលើកទី២ ដោយកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅអស់រយៈពេល ៤ម៉ោង គឺចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១៣:០០នាទីរសៀល ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួល អប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា ភាគីទាំង៣ដែលមានភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក នោះមិនទាន់បញ្ចេញតួលេខណាមួយនៅឡើយទេ។ លោកបញ្ជាក់ថា ការមិនទាន់កំណត់តួលេខនេះ ដោយភាគីទាំងអស់រង់ចាំការវិភាគស្ថានភាពនៃវិស័យកាត់ដេរ និងតម្រូវការនៃការបញ្ជាទិញនៅតាមបណ្ដាប្រទេសនីមួយៗ ដែលស្ថិតក្នុងដំណាក់កាលចរន្ដសកលនៃការថយចុះតម្រូវការសម្លៀកបំពាក់ ស្បែកជើង និងកាបូបផងដែរ។
លោក អាត ធន់ ប្រធានសហភាពការងារកម្ពុជា បានឱ្យដឹងថា កិច្ច ប្រជុំនាពេលនេះ គឺសហជីពមិនទាន់បានដាក់តួលេខក្នុងការចរចានោះទេ ។ប៉ុន្ដែភាគីសហជីពបានកំណត់តួលេខរបស់ខ្លួនរួចហើយ លើតួលេខចំនួន២ គឺមានជាង១២ដុល្លារអាមេរិក និងតួលេខជាង២០ដុល្លារអាមេរិក។ លោកបានបន្ថែមថា នេះគ្រាន់តែជាតួលេខស្នើសុំក្នុងការពិភាក្សានោះទេ ដោយមិនដឹងថា ខាងនិយោជកឯកភាពប៉ុន្មាននោះដែរ គឺរង់ចាំពិភាក្សាគ្នាបន្ដទៀត។
ក្រោយពីការពិភាក្សា និងការសម្របសម្រួលនេះហើយ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។
សូមជម្រាបថា នៅក្នុង២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០០ដុល្លារក្នុងមួយខែ ប្រសិនបើបូក នឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់ អាចទទួលបានប្រាក់ឈ្នួលចន្លោះពី២១៧ទៅ២២៨ដុល្លារក្នុងមួយខែ ៕