សង្គម

ឃាត់ខ្លួន​ជនជាតិនីហ្សេរីយ៉ា៣នាក់ និង​ខ្មែរ​ម្នាក់ ពាក់ព័ន្ធករណីឆបោក និង​សម្អាតប្រាក់

កាលពីពេលថ្មីៗនេះ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៤នាក់ ពាក់ព័ន្ធនឹងករណីឆបោក និងសម្អាតប្រាក់

ជនសង្ស័យទាំង៤នាក់នោះ ត្រូវបានបញ្ជាក់ថា ទី១ឈ្មោះ ប៊ុន ស្រីឡែន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ២ឈ្មោះ EBENEZER OYETORAN ភេទប្រុស ជនជាតិនីហ្សេរីយ៉ា ៣ឈ្មោះ OYETORAN MARGARET IBDUNNI ភេទស្រី ជនជាតិនីហ្សេរីយ៉ា ៤ជនសង្ស័យឈ្មោះ IBEH HENRY ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិនីហ្សេរីយ៉ា។

តាមការបញ្ជាក់ពីសមត្ថិកច្ចជំនាញបានឲ្យដឹងថា ក្រុមជនសង្ស័យបានធ្វើការឆបោកប្រាក់តាមការទំនាក់ទំនងតាមបណ្តាញសង្គម ដោយលួងលោមបោកបញ្ចោតមនោសញ្ចេតនា ពីប្រជាពលរដ្ឋនៅក្នុងប្រទេសនិងជនបរទេសក្រៅប្រទេស ឲ្យផ្ញើប្រាក់មកអោយខ្លួននៅប្រទេសកម្ពុជា តាមរយៈភ្នាក់ងារផ្ញើនិងដកប្រាក់ និងធនាគារមួយចំនួន បន្ទាប់ពីដកប្រាក់បានហើយ ជនសង្ស័យក៏ផ្ញើប្រាក់នោះទៅបក្ខពួកផ្សេងៗដែលមានក្បាលម៉ាស៊ីនដឹកនាំ និងអង្គការចាត់តាំងដោយទទួលបានភាគលាភទៅតាមតួនាទីរៀងៗខ្លួន រួចមេក្លោងបានបង្កើតមូលនិធិដើម្បីទទួលប្រាក់នៃបទល្មើសនោះទៅទិញ អចលនទ្រព្យនិងបើកអាជីវកម្មផ្សេងៗដើម្បីទៅបំលែងជាហិរញ្ញប្បទានស្របច្បាប់រួចបន្តផ្ញើប្រាក់ទាំងនោះទៅប្រទេសរបស់ពួកគេវិញ ក្នុងគោលបំណងដើម្បីសម្អាតប្រាក់ ដែលបានមកពីអំពើឆបោក ។

បច្ចុប្បន្នជនដែលត្រូវចោទទាំង០៤នាក់ត្រូវបានចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់អោយឃុំខ្លួន និងអោយភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាធ្វើការនាំខ្លួនទៅមណ្ឌលអប់រំកែប្រែទី១(ម១)ហើយ៕