ខណៈដែលរដ្ឋសភាប្រទេសកម្ពុជានៅព្រឹកថ្ងៃទី២២ សីហា នេះ បានបោះឆ្នោតជ្រើសតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៅឯប្រទេសថៃឯណោះវិញ រដ្ឋសភាក៏បានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ជានាយករដ្ឋមន្រ្តី នៅថ្ងៃតែមួយជាមួយកម្ពុជាផងដែរ។
តាមរយៈបណ្តាញសង្គមនៅថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញចំណាប់អារម្មណ៍ថា «ថ្ងៃនេះជាការគាប់ជួនខ្លាំងណាស់ ដោយប្រទេសពីរ កាន់របបរាជានិយមដូចគ្នា នៅជិតខាងគ្នា (កម្ពុជា និងថៃ) ទទួលបាននាយករដ្ឋមន្រ្តីថ្មីក្នុងថ្ងៃតែមួយ។ បើទោះបីខ្ញុំឈប់ធ្វើជានាយករដ្ឋមន្រ្តីកម្ពុជា ចាប់ពីថ្ងៃនេះតទៅក៏ដោយ ខ្ញុំសូមផ្ញើសារអបអរសាទរជូនចំពោះឯកឧត្តម Srettha Thavisin ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសរើសជា នាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសថៃ។ ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ នឹងធ្វើទំនាក់ទំនងជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យរីកចម្រើនទ្វេដងបន្ថែមទៀត»។
ថ្ងៃទី២២ខែសីហានេះ សភាថៃបានបើកសម័យប្រជុំជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីភាពជាប់គាំងនយោបាយរយៈពេលបីខែ ដោយក្នុងនោះ សេដ្ឋីអចលនទ្រព្យមកពីបក្សភឿថៃ លោក ស្រេតថា ថាវីស៊ីន បានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។
បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃរូបនេះ គឺជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ បន្ទាប់ពីសមាជិកព្រឹទ្ធសភាដែលតែងតាំងដោយរបបយោធាជាង ៧០នាក់បានបោះឆ្នោតគាំទ្រលោក។ ការណ៍នេះបានធ្វើឱ្យលោក ស្រេតថា ថាវីស៊ីន ទទួលបានសំឡេងគាំទ្រលើសពី ៣៧៥ពីសភាជាន់ខ្ពស់ និងជាន់ទាបរួមបញ្ចូលគ្នា។
គួរបញ្ជាក់ថា ជ័យជម្នះរបស់លោក ស្រេតថា កើតឡើងបន្ទាប់ពីបក្សភឿថៃ បានសម្រេចចិត្តចងសម្ព័ន្ធភាពជាមួយបក្សដែលមានទំនាក់ទំនងជាមួយយោធាចំនួន២ និងបក្សផ្សេងៗទៀតចំនួន៨។ គណបក្សភឿថៃ និងគណបក្សចំនួន១០នេះ កាលពីរសៀលថ្ងៃចន្ទទី២១ ខែសីហា បានប្រកាសសម្ព័ន្ធភាពជាមួយគ្នា ជាមួយនឹងសំឡេងសរុប៣១៤ នៅក្នុងសភា៕