ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានប្រកាសច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មានជាភាសាខ្មែរមួយដែលមានខ្លឹមសារថា «ពលករខ្មែរប្រព្រឹត្តអំពើចោរកម្ម ដោយសារគ្មានការជួយដោះស្រាយពីស្ថានទូតខ្មែរ» ដោយថាព័ត៌មាននេះគ្មានមូលដ្ឋានច្បាស់លាស់ និងបំផ្លើសទាំងស្រុងខុសពីការពិតក្នុងបំណងបង្កការញុះញង់។
ស្ថានទូតបានអះអាងថា «បច្ចុប្បន្នមានកម្មសិក្សាការី និងពលករជំនាញខ្មែរកំពុងធ្វើការក្នុងប្រទេសជប៉ុន តាមរយៈក្រុមហ៊ុនបញ្ចូនសរុបចំនួន២០,៥៦១នាក់ (ស្រី៩,៥៨៧នាក់) និងពុំជួបវិបត្តិអត់ការងារធ្វើដូចដែល The Cambodia Daily បានចុះផ្សាយនោះទេ លើកលែងតែបុគ្គលមកធ្វើការខុសច្បាប់តាមទិដា្ឋការទេសចរណ៍ប៉ុណ្ណោះ។ ប៉ុន្តែក៏មានកម្មសិក្សាការីខ្មែរមួយចំនួនតូចបានរត់ចេញពីកន្លែងការងារទៅធ្វើការខុសច្បាប់ក្រោមការអូសទាញ និងបោកប្រាស់របស់មេខ្យល់»។ ពាក់ព័ន្ធនឹងអំពើចោរកម្មលួចកាត់ខ្សែភ្លើងដែលកើតមានកន្លងមកនោះ ស្ថានទូតថាជាការលួចកាត់ខ្សែភ្លើងប្រើពន្លឺថ្ងៃ (Solar) ពុំមែនខ្សែភ្លើងធ្វើឱ្យស្ថានីយរថភ្លើងលែងដំណើរការនោះទេ ដែលការលួចកាត់ខ្សែភ្លើងនោះមានការរៀបចំជាប្រព័ន្ធ ពុំមែនគ្រាន់តែដោយសារជួបវិបត្តិអត់ការងារធ្វើនោះទេ និងក៏ពុំមែនមានតែអតីតកម្មសិក្សាការីខ្មែរនោះដែរ។
យ៉ាងណាមិញ ស្ថានទូតបានសង្កត់ធ្ងន់ថា ការរត់ចេញពីកន្លែងធ្វើការពុំមែនមានតែកម្មសិក្សាការីខ្មែរនោះទេ កន្លងមកស្ថានទូតបានជួបជាមួយក្រសួង-ស្ថាប័នជប៉ុនហើយក៏បានស្នើសុំឱ្យមានវិធានការផ្លូវច្បាប់ចំពោះមេខ្យល់អូសទាញកម្មសិក្សាការីទៅធ្វើការខុសច្បាប់ និងនិយោជកជប៉ុនដែលបានទទួលកម្មសិក្សាការីខុសច្បាប់ទៅធ្វើការនៅតាមរោងចក្រ-សហគ្រាសរបស់ខ្លួនផងដែរ។ ហើយម្យ៉ាងទៀត សហជីពដែលបានផ្ដល់ព័ត៌មានដល់សារព័ត៌មាននោះពុំមែនជាសហជីពទទួលបន្ទុកការពារសិទ្ធិពលករខ្មែរដូចដែលបានអះអាងនោះទេ ក៏ប៉ុន្តែជាប្រភេទសហជីពលើកទឹកចិត្តឱ្យកម្មសិក្សាការីបរទេសប្ដឹងនឹងក្រុមហ៊ុនរបស់ខ្លួនដោយពុំពិភាក្សា ឬផ្សះផ្សាជាមុន ជាពិសេសពុំដែលទំនាក់ទំនងមកស្ថានទូតទេ។
ដោយឡែក ចំពោះការទប់ស្កាត់ការរត់ចេញពីកន្លែងធ្វើការរបស់កម្មសិក្សាការី ស្ថានទូតតែងសហការជាមួយសមាគមគ្រប់គ្រង ក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនបញ្ចូនខ្មែរដោយបានរៀបចំកម្មវិធីចុះប្រឹក្សាយោបល់ និងណែនាំដល់កម្មសិក្សាការីឱ្យបានជ្រួតជ្រាបពីផលវិបាកនៃការរត់ចេញពីកន្លែងធ្វើការ និងយន្តការផ្ដល់សេវាគាំពារ និងទ្រទ្រង់ដល់កម្មសិក្សាការី និងពលករជំនាញខ្មែរ ដើម្បីដោះស្រាយបញ្ហាការងារនិងការរស់នៅឱ្យបានឆាប់រហ័ស និងទទួលបានជោគជ័យព្រមជាមួយនឹងនីតិវិធីនៃការដាក់ពាក្យស្នើសុំអន្តរាគមន៍៕