សង្គម

មេប៉ូលិសកម្ពុជាបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនរំដោះអ្នកទោស ត្រូវ​ចាប់ខ្លួនបាន៦នាក់ ខណៈមេខ្លោងនៅចាប់មិនទាន់បាន

ឯកឧត្តមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះបានបញ្ជាក់ឲ្យអ្នកសារព័ត៌មានដឹងថា ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធករណីរំដោះអ្នកទោស នៅខេត្តសៀមរាប ត្រូវបង្ក្រាបបានចំនួន៦នាក់ហើយ។

ឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានបន្តថា ដោយឡែកមេក្លោងដែលជាអ្នកទោសនោះ មិនត្រូវចាប់ខ្លួនបាននៅឡើយទេ ដោយកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងស្រាវជ្រាវតាមចាប់បន្ដទៀតយ៉ាងយកចិត្តទុកដាក់។

គួរជម្រាបថា ខ្មាន់កាំភ្លើងមួយក្រុមមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ដោយហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ពិរុទ្ធជនឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោស៥២ឆ្នាំ៕