ទ្រព្យសម្បត្តិប្រហែល១ពាន់លានដុល្លារសិង្ហបុរី ឬស្មើនឹងប្រមាណ៧៣៦លានដុល្លារអាមេរិក រួមទាំងទ្រព្យសម្បត្តិ យានជំនិះ ទំនិញប្រណីតៗ និងដុំមាសត្រូវបានរឹបអូស នៅក្នុងការវាយឆ្មក់របស់ប៉ូលិសដ៏ធំបំផុតមួយរបស់ប្រទេសសិង្ហបុរី ចំពោះបទល្មើសលាងលុយកខ្វក់ និងការឆបោក។
មនុស្ស១០នាក់ ដែលមានអាយុចន្លោះពី៣១ ទៅ៤៤ឆ្នាំ ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃពុធទី១៦ ខែសីហា។ អ្នកទាំងនោះមានសញ្ជាតិកម្ពុជា ស៊ីប តួកគី ចិន និងនី-វ៉ានូអាទូ (Ni-Vanuatu)។ ចំណែក១២នាក់ផ្សេងទៀត កំពុងស៊ើបអង្កេត ខណៈមនុស្ស៨នាក់ផ្សេងទៀត កំពុងត្រូវបានប៉ូលិសតាមចាប់ខ្លួន។
ប៉ូលិសសិង្ហបុរី បានបង្ហាញថា ជនសង្ស័យទាំងនោះបានប្រើប្រាស់ឯកសារក្លែងក្លាយ ដើម្បីបញ្ជាក់ប្រភពនៃមូលនិធិនៅក្នុងគណនីធនាគារសិង្ហបុរី។ តាមរយៈការស៊ើបអង្កេតយ៉ាងទូលំទូលាយ រួមទាំងការវិភាគរបាយការណ៍ប្រតិបត្តិការគួរឱ្យសង្ស័យ ប៉ូលិសបានកំណត់អត្តសញ្ញាណជនបរទេសមួយក្រុមដែលសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងការលាងលុយពីសកម្មភាពឧក្រិដ្ឋកម្មរបស់ពួកគេនៅបរទេស។ សកម្មភាពទាំងនេះ រួមមាន៖ ការបោកប្រាស់ និងល្បែងអនឡាញ។ មន្ត្រីជាង៤០០នាក់ មកពីនាយកដ្ឋានកិច្ចការពាណិជ្ជកម្ម នាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម បញ្ជាការប្រតិបត្តិការពិសេស និងនាយកដ្ឋានស៊ើបការណ៍ប៉ូលិស បានវាយឆ្មក់ក្នុងពេលដំណាលគ្នានៅទីតាំងជាច្រើននៅទូទាំងប្រទេសសិង្ហបុរីកាលពីថ្ងៃអង្គារទី១៥ ខែសីហាកន្លងទៅ។
ប៉ូលិសរឹបអូសបានអចលនទ្រព្យចំនួន៩៤ និងរថយន្តស៊េរីទំនើបចំនួន៥០គ្រឿង ដែលមានតម្លៃប៉ាន់ស្មានសរុបជាង៨១៥លានដុល្លារសិង្ហបុរី ព្រមទាំងគ្រឿងអលង្ការ និងស្រាថ្លៃៗជាច្រើនផងដែរ។ ប៉ូលិសក៏បានរឹបអូសគណនីធនាគារ ដែលពាក់ព័ន្ធជាង៣៥ ដែលមានសមតុល្យប៉ាន់ស្មានសរុបជាង១១០លានដុល្លារសិង្ហបុរីផងដែរ។ សាច់ប្រាក់ រួមទាំងរូបិយបណ្ណបរទេស សរុបជាង២៣ លានដុល្លារសិង្ហបុរី កាបូប និងនាឡិកាប្រណីត ឧបករណ៍អេឡិចត្រូនិក ដូចជាកុំព្យូទ័រ និងទូរសព្ទដៃ គ្រឿងអលង្ការ មាស និងឯកសារពាក់ព័ន្ធនឹងទ្រព្យសម្បត្តិមួយចំនួន ត្រូវបានរឹបអូស។
យោងតាមប៉ូលិស បុរសជនជាតិខ្មែរចំនួន៣នាក់ ត្រូវបានចាប់ខ្លួន។ បុរសទី១ អាយុ៤១ឆ្នាំ ត្រូវបានរកឃើញថា មានលិខិតឆ្លងដែនបរទេសដែលគេជឿថា ចេញដោយប្រទេសចិន។ ប៉ូលិសរឹបអូសបានលុយជាង ៧៧៧០០០ដុល្លារសិង្ហបុរី និងរូបិយបណ្ណបរទេសផ្សេងទៀត ឧបករណ៍អេឡិចត្រូនិក កាបូប និងនាឡិកាទំនើប គ្រឿងអលង្ការ និងបានចេញដីកាហាមឃាត់លើទ្រព្យសម្បត្តិមួយចំនួន និងយានយន្តដែលមានតម្លៃជាង៧៦លានដុល្លារសិង្ហបុរី។ ប៉ូលិសក៏បានបង្កកគណនីធនាគារពាក់ព័ន្ធចំនួន៣ដែលមានសមតុល្យសរុបជាង២,៤លានដុល្លារសិង្ហបុរី។ បុរសនេះនឹងត្រូវចោទប្រកាន់ពីបទប្រើប្រាស់ឯកសារក្លែងក្លាយតាមមាត្រា៤៧១ ផ្ដន្ទាទោសតាមមាត្រា៤៦៥ នៃក្រមព្រហ្មទណ្ឌ។
ចំណែក បុរសជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ត្រូវបានគេរកឃើញថា មានលិខិតឆ្លងដែនបរទេសផ្សេងទៀត ដែលគេជឿថាចេញដោយប្រទេសចិន និងសាធារណរដ្ឋដូមីនីកែន។ ប៉ូលិសរឹបអូសបានលុយជិត៦សែនដុល្លារសិង្ហបុរី និងរូបិយបណ្ណបរទេសមួយចំនួន គ្រឿងអលង្ការ នាឡិកាប្រណីត ឯកសារអំពីទ្រព្យសម្បត្តិ និងឧបករណ៍អេឡិចត្រូនិក និងចេញដីកាហាមឃាត់លើទ្រព្យសម្បត្តិ និងយានយន្ត៣គ្រឿង។ តម្លៃប៉ាន់ស្មានជាង១២,៦ លានដុល្លារសិង្ហបុរី។ ប៉ូលិសក៏បានបង្កកគណនីធនាគារពាក់ព័ន្ធចំនួនពីរដែលមានសមតុល្យសរុបជាង២៨០០០ដុល្លារសិង្ហបុរី និងរូបិយបណ្ណបរទេសផ្សេងទៀត។ បុរសទី៣ អាយុ៣១ឆ្នាំ ក៏ត្រូវបានរកឃើញថាមានលិខិតឆ្លងដែនបរទេសដែលគេជឿថា ចេញដោយប្រទេសចិន។ ប៉ូលិសរឹបអូសបានលុយជាង៦០ម៉ឺនដុល្លារសិង្ហបុរី និងរូបិយបណ្ណបរទេសមួយចំនួន ឧបករណ៍អេឡិចត្រូនិក កាបូប និងនាឡិកាទំនើប គ្រឿងអលង្ការ និងបានចេញដីកាហាមឃាត់យានយន្ត២គ្រឿងដែលមានតម្លៃជាង៥៨ម៉ឺនដុល្លារសិង្ហបុរី។ បន្ថែមលើនេះ ប៉ូលិសក៏បានបង្កកគណនីធនាគារពាក់ព័ន្ធចំនួនប្រាំបីដែលមានសមតុល្យសរុបជាង១០លានដុល្លារសិង្ហបុរី និងរូបិយបណ្ណបរទេសផ្សេងទៀត៕