ក្រោយពីមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមអំពីការនាំចូល និងចែកចាយប្រភេទត្រីពីរ៉ាន់ញ៉ា (Piranha) ដែលមានលក្ខណៈកាចសាហាវ និងស៊ីសាច់ជាអាហារ ក្រសួងកសិកម្មនៅរសៀលថ្ងៃនេះ (១៣ សីហា) បានចេញសេចក្តីប្រកាសព័ត៌មានដោយថា រដ្ឋបាលជលផលបានចុះធ្វើការត្រួតពិនិត្យ និងអនុវត្តច្បាប់ដល់ទីកន្លែងលក់តាំងពីថ្ងៃទី៦ ខែសីហា មកម្លេះ។
ក្រសួងបានបញ្ជាក់ថា ករណីនេះ ម្ចាស់អាជីវកម្មបានធ្វើកិច្ចសន្យាឈប់នាំចូល និងបានឯកភាពបំផ្លាញចោលត្រីពីរ៉ាន់ញ៉ា ដែលបាននាំចូលរួចរាល់ហើយ។
ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានអំពាវនាវដល់សាធារណជន ព្រមទាំងអាជីវករ មិនត្រូវនាំចូលប្រភេទត្រីពីរ៉ាន់ញ៉ា ឬប្រភេទត្រីផ្សេងទៀត ដែលអាចនាំឱ្យមានផលប៉ះពាល់ដល់ប្រភេទត្រីធម្មជាតិ ក៏ដូចជាមនុស្សសត្វ និងបរិស្ថាននោះឡើយ។
ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានដឹងអំពីការនាំចូលត្រីពីរ៉ាន់ញ៉ា ឬប្រភេទត្រីកាចសាហាវផ្សេងទៀតយកមកចិញ្ចឹម ឬចិញ្ចឹមលម្អ សូមរាយការណ៍ដល់សមត្ថកិច្ចជំនាញជលផល ដើម្បីចាត់វិធានការសមស្រប។ ហើយចំពោះអ្នកដែលកំពុងចិញ្ចឹមត្រីប្រភេទទាំងនេះ សូមកុំលែងចូលធម្មជាតិ តែត្រូវប្រគល់ឱ្យរដ្ឋបាលជលផលជាកំហិត៕