ជីវិតកម្សាន្ត

ក្រសួងទេសចរណ៍ ប្រតិកម្មចំពោះលោក Nigel Ng (Uncle Roger) ដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ និងទាមទារឱ្យសុំទោសប្រជាជនកម្ពុជា

ក្រសួងទេសចរណ៍​តាមរយៈសេចក្តីថ្លែងការណ៍មួយ​ដែលចេញផ្សាយ​នៅ​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បាន​សម្តែង​ការ​សោកស្តាយ​ ក្រោយ​ពីបានឃើញវីដេអូ​ដែលវាយ​តម្លៃ​មិនល្អ​មក​លើ​ម្ហូបអាហារខ្មែរ នៅ​បណ្តាញ​សង្គម Channel YouTube ឈ្មោះថា Nigel Ng ចុះផ្សាយ​កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០២៣ មានចំណងជើងថា Uncle Roger Make Adobo។

ក្រសួងទេសចរណ៍​និយាយថា ការវាយ​តម្លៃរបស់បុគ្គល​ខាងលើ បានប្រាសចាកទាំងស្រុងពីតថភាព នៃកិត្យានុភាព និង​អត្តសញ្ញាណម្ហូបអាហារខ្មែរ ជាពិសេស​បានធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ទេសចរណ៍​ម្ហូបអាហារ ដែលរាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូចជា​ក្រសួងទេសចរណ៍ បានខិតខំជំរុញការផ្សព្វផ្សាយ​នៅ​លើឆាកអន្តរជាតិ​ឱ្យ​ពិភពលោក​ទាំងមូលបានស្គាល់យ៉ាង​ទូលំទូលាយថា «កម្ពុជាមានវប្បធម៌​ដ៏​ល្អផូរផង់ និង​មានម្ហូបអាហារ​ដ៏សម្បូរបែប» ជាក់ស្តែង​កាលពីឆ្នាំ​២០២២ សៀវភៅ​ម្ហូបអាហារខ្មែរ “The Taste of Angkor” ដែលចងក្រងដោយ​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជាប់ចំណាត់ថ្នាក់ The Best Asian Cookbook Prize នៅ​ក្នុង​កម្មវិធី The Gourmand World Cookbook Awards 2021 នៅទីក្រុងប៉ារីស។

ក្នុងន័យនេះ ក្រសួងទេសចរណ៍​កំពុង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​យ៉ាងជិតស្និទ្ធ និង​ស្នើ​ឱ្យ​បុគ្គល Nigel Ng ឬ Uncle Roger កើត​ថ្ងៃទី១៥ ខែមីនា ឆ្នាំ​១៩៩១ ធ្វើការ​សុំទោសជាសាធារណៈ​ចំពោះប្រជាជន​កម្ពុជា និង​កែតម្រូវ​វីដេអូ​ដែលបានចុះផ្សាយ​នោះ​ឡើងវិញ​ជាបន្ទាន់នៅ​លើ​បណ្តាញ​សង្គម​របស់ខ្លួន៕