សង្គម

តំបន់មាត់សមុទ្រអាចមានខ្យល់ខ្លាំងនិងភ្លៀងច្រើនដោយសារព្យុះនៅក្នុងសមុទ្រចិនខាងត្បូង

សម្ពាធទាបនៅ ប្រទេសហ្វីលីពីនវាអាចនឹងវិវត្តទៅជាកូនព្យុះពេលដើរចូលដល់សមុទ្រចិនខាងត្បូងនៅអំឡុងថ្ងៃទី១៦ខែកក្កដា បង្កឱ្យមានខ្យល់បក់បោកខ្លាំងជាមួយនឹងការធ្លាក់ភ្លៀងច្រើននៅតំបន់មាត់សមុទ្ររបស់កម្ពុជានិងតំបន់ ខាងកើតទន្លេមេគង្គ ឯតំបន់ក្រោយជួរភ្នំក្រវ៉ាញនិងតំបន់ទំនាបកណ្តាលភាគពាយព្យមិនមានភ្លៀងច្រើនទេហើយបាតុភូតនេះវានឹងចាប់ផ្តើមមានឥទ្ធិពលនៅថ្ងៃទី១៥ខែកក្កដា។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា សម្ពាធទាបនៅ លើប្រទេសហ្វីលីពីនវាអាចនឹងវិវត្តទៅជាកូនព្យុះពេលដើរចូលដល់សមុទ្រចិនខាងត្បូងនៅអំឡុងថ្ងៃទី១៦ខែកក្កដាបង្កឱ្យមានភ្លៀងធ្លាក់ច្រើននៅតំបន់មាត់សមុទ្ររបស់កម្ពុជានិងតំបន់ ខាងកើតទន្លេមេគង្គ។

អ្នកនាំពាក្យក្រសួងជំនាញខាងលើបានបញ្ជាក់ថា បាតុភូតខាងលើនេះវានឹងចាប់ផ្តើមធ្វើឱ្យមានខ្យល់ខ្លាំងលើផ្ទៃសមុទ្រនិងតំបន់មាត់សមុទ្រជាមួយនឹងការធ្លាក់ភ្លៀង ច្រើននៅតំបន់មាត់សមុទ្រនិងតំបន់ខាងកើតទន្លេមេគង្គចាប់ពីថ្ងៃទី១៥ខែកក្កដា តែសម្រាប់តំបន់ក្រោយជួរភ្នំក្រវ៉ាញនិងតំបន់ទំនាបកណ្តាលភាគពាយព្យមិនមានភ្លៀងច្រើនទេ។

បើតាមលោក ចាន់ យុត្ថា ឥទ្ធិពលដោយប្រយោលរបស់បាតុភូតខាងលើមកលើប្រទេសកម្ពុជា មានចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២០ ខែកក្កដា ដោយពេលនេះមន្ត្រីជំនាញកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ព្រោះនៅពេលបន្ទាប់ពីព្យុះខាងលើកើតឡើងអាចលាយជាមួយបាតុភូតផ្សេងៗទៀតកើតមានឡើងជាបន្តបន្ទាប់នៅក្នុងសមុទ្រប៉ាស៊ីហ្វិកនិងនៅក្នុងសមុទ្រចិនខាងត្បូង ដោយសារសីតុណ្ហភាពនៅលើសមុទ្រឥណ្ឌានិងនៅលើសមុទ្រប៉ាស៊ីហ្វិកកើនឡើងខ្ពស់ ក្នុងពេលសីតុណ្ហភាពនៅក្នុងសមុទ្រចិនខាងត្បូងចុះទាបជាង។

គួរ​បញ្ជាក់ដែរថា កាលពីថ្ងៃទី១១ ខែកក្កដា ក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងស្តីពីការព្យាករស្ថានភាពធាតុអាកាសសម្រាប់ពីថ្ងៃទី១២ដល់១៨ខែកក្កដា ថានៅអំឡុងពីថ្ងៃទី១២ដល់១៤ខែកក្កដាព្រះរាជាណាចក្រកម្ពុជាបន្តទទួលនូវឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបពីប្រទេសចិន និងចាប់ពីថ្ងៃទី១៥ខែកក្កដាទៅទទួលនូវឥទ្ធិពលជ្រលងសម្ពាធទាបថ្មីដែលកើតឡើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិក(ខាងកើតហ្វីលីពីន)សមុទ្រចិនខាងត្បូងនិងកំណើននៃខ្យល់មូសុងនិរតីនឹងបង្កឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕