សង្គម

ឯកឧត្តម ហឿន សំនៀង ណែនាំដល់ “ទ័ពសេដ្ឋកិច្ច” សាខាសាមគ្គីឲ្យឈ្វេងយល់បន្ថែមពីពាក្យថា “សហគ្រិនល្អគឺជាជនស្នេហាជាតិ”

ភ្នំពេញ៖ ឯកឧត្តម ហឿន សំនៀង បានបង្ហាញពីគោលការណ៍និងផ្តល់ការណែនាំឲ្យយល់ច្បាស់បន្ថែមពីពាក្យស្លោកថា “សហគ្រិនល្អគឺជាជនស្នេហាជាតិ” ដែលត្រូវមានទាំងស្មារតី ឆន្ទ: មនសិកា គោរព ស្រឡាញ់ ស្មោះត្រង់ លះបង់បូជាជូនជាតិមាតុភូមិ និងសមត្ថភាពក្នុងបំពេញភារកិច្ច និងតួនាទីរបស់ខ្លួន។

ការណែនាំដ៏មានសារៈសំខាន់បន្ថែមខាងលើរបស់ឯកឧត្តម ហឿន សំនៀង ប្រធានសាខាសាមគ្គី និងជាអនុប្រធានផែនសហគ្រិនវ័យក្មេងរាជធានីភ្នំពេញនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ក្នុងកិច្ចប្រជុំស្ដីពីការពិនិត្យវឌ្ឍនភាពការងារជាមួយ “ទ័ពសេដ្ឋកិច្ច” សាខាសាមគ្គីនៃផែនសហគ្រិនវិយក្មេងរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

នាឱកាសនោះ ឯកឧត្តម ហឿន សំនៀង បានលើកឡើងពីការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបុព្វហេតុជាតិនិងនាំយកសុខសន្តិភាពជូនប្រជាជននិងប្រទេសជាតិយ៉ាងលំបាកជាទីបំផុត ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជាបន្តទៀត និងគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

ឯកឧត្តមប្រធានបានគូសបញ្ជាក់ថា យើងប្តេជ្ញាចិត្តរួមគ្នាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការពារសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសជាតិរបស់យើង។

ជាមួយគ្នានោះ ឯកឧត្តម ហឿន សំនៀង បានថ្លែង អរគុណសន្តិភាព, អរគុណគណបក្សប្រជាជនកម្ពុជា និងគោរពដឹងគុណថ្នាក់ដឹកនាំ វីរជន-វីរនារី គណបក្សប្រជាជនកម្ពុជាគ្រប់ជំនាន់។

គួរជម្រាបជូនថា ក្នុងកិច្ចប្រជុំកម្លាំងទ័ពសេដ្ឋកិច្ចខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីអនុប្រធានសាខា ប្រធានក្រុម ក្រុមជំនួយការ និងសមាជិក សមាជិកាសហគ្រិន សាខាសាមគ្គី ចំនួន៧៨នាក់។

គួរបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមទ័ពសេដ្ឋកិច្ច សាខាសាមគ្គី មានសមាជិក សមាជិកា សរុប ១៦៣នាក់៕