កណ្តាល៖ ប្រជាពលរដ្ឋនៅស្រុកកោះធំនិងក្រុងសំពៅពូនបាននាំគ្នាលើកដៃទាំងពីរគោរពស្នើសុំឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឈរឈ្មោះជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាលដើម្បីឲ្យនៅជួយបម្រើពួកគាត់ជារៀងរហូត ហើយពួកគាត់សន្យាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជារៀងរហូតផងដែរ។ ការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ជាថ្ងៃទី៧ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល។
ក្នុងពិធីខាងលើ ប្រជាពលរដ្ឋបានលើកកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថាពិតជាមន្ត្រីជើងពីរមែនដោយមួយថ្ងៃៗគិតតែពីការអភិវឌ្ឍន៍ផ្លូវ ស្ពាន និងបាននាំមកនូវសមិទ្ធផលជាច្រើនដូចជា ផ្លូវបេតុង សាលា មន្ទីរពេទ្យ វត្តអារាម ជាពិសេសបាននាំមកនូវមេដាយមាស២ ប្រាក់១ សំរិទ្ធ៤ ជូនអ្នកស្រុកកោះធំពីការប្រកួតកីឡាហែលទឹក ក្នុងកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះការគោរពស្រឡាញ់ គាំទ្រ និងជឿជាក់របស់លោកយាយលោតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ មកលើរូបឯកឧត្ដមក្នុងនាមជាអ្នកស្រុកកោះធំ ជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបាននាំមកនូវសុខសន្តិភាព និងស្ថេរភាពនយោបាយល្អប្រសើរ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យសាធារណការនិងដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជារបស់យើង។ ឯកឧត្ដមបន្តថា កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយសំខាន់ណាស់ កាលណាប្រទេសយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយល្អ យើងមានឱកាសទាក់ទាញអ្នកវិនិយោគទុនឲ្យមកវិនិយោគនៅក្នុងប្រទេសយើងដើម្បីបង្កើតបង្កើនការងារជូនប្រជាពលរដ្ឋ យើងមានឱកាសនំយកកសិផលរបស់យើងទៅលក់នៅក្នុងទីផ្សារបរទេស និងយើងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យរុងរឿងរីកចម្រើនទៅមុខទៀត។
ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ពិតប្រាកដជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីបន្តគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ និង គាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីរបស់កម្ពុជា។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសុំអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ដើម្បីទទួលបានផ្លូវ ស្ពាន មន្ទីរពេទ្យ សាលារៀន វត្តអារាម សុខសន្តិភាព និងព្រែកជីកហ្វូណនតេជោ»។
គួរជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គួរបញ្ជាក់ផងដែរថា គណបក្សនយោបាយដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំស្តីពីការឃោសនាបោះឆ្នោតក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕