សង្គម

សម្ដេច ហ៊ុន សែន ៖ គ្មានការបិទបណ្តាញ​សង្គម​ហ្វេសបុកពីកម្ពុជានោះទេ

FILE PHOTO: A Facebook logo is displayed on a smartphone in this illustration taken January 6, 2020. REUTERS/Dado Ruvic/Illustration/File Photo

ភ្នំពេញ – សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បានប្រកាសថា គ្មានការបិទបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក ពីប្រទេសកម្ពុជានោះទេ។ សម្ដេចបានលើកឡើងថា ការវាយតម្លៃថាសម្ដេចនិងបិទ facebook ពីកម្ពុជាគឺជាការវាយតម្លៃដែលខុសឆ្គងមួយ។

ក្នុងសារសំឡេងពិសេសនៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចបានសម្រេចលុបទំព័រ facebook របស់សម្ដេចចេញដោយសារតែមានការអាខោនក្លែងក្លាយបន្លំច្រើន និងមានបញ្ហាច្រើនដែលត្រូវការពារ។ សម្ដេចលើកឡើងថា ការលុបចោលនេះក៏ដើម្បីឆ្លើយតបទៅនឹងវិធានការរបស់ក្រុមហ៊ុន META ដែលចង់ផ្អាកទំព័រ facebook សម្ដេចរយៈពេល ៦ខែផងដែរ។

សម្ដេចបានបង្ហាញការមិនពេញចិត្តចំពោះក្រុមហ៊ុនមេត្តាដោយថាមានភាពលំអៀង ខណៈក្រុមប្រឆាំងបានប្រើប្រាស់ភាសាញុះញង់ ភាសាសង្គ្រាម និងប្រមាថដល់អង្គព្រះមហាក្សត្រ ក៏ប៉ុន្តែមិនត្រូវបានក្រុមហ៊ុននេះមានវិធានការនោះទេ។

សម្ដេចបានបន្ថែមថា ណាមួយដោយសារតែពេលនេះសម្ដេចបានប្រើប្រាស់ច្រើនទៅលើបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមដែលបានផ្ញើសារជូនប្រជាពលរដ្ឋនិងមតិយោបល់ផ្សេងៗរបស់សម្ដេច ដូច្នេះសម្ដេចមិនចាំបាច់ពឹងតែលើ facebook ទៀតនោះទេ។

«ហើយបណ្ដាញរបស់ខ្ញុំនេះ គ្មានហ្វេសប៊ុកណាមករករឿងខ្ញុំទៀតទេ។ ចាប់ពីថ្ងៃនេះទៅខ្ញុំមិនចាំបាច់គោរពនូវវិធានរបស់ហ្វេសប៊ុកនោះទេ។ អតីតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំត្រូវបានគេព្យូរ facebook សម្រាប់ខ្ញុំមិនចាំបាច់ឲ្យអ្នកណាមកព្យួរនោះទេ គឺខ្ញុំលុបចោលខ្លួនឯងដល់មិនចាំបាច់ឲ្យក្រុមប្រឹក្សាភិបាលក្រុមហ៊ុន facebook យកទៅពិចារណាថាគួរព្យួរឬមិនព្យួរ។ មានអីត្រូវព្យួរទៀតបើខ្ញុំអត់មានផង»

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនមានការបិទ facebook ពីកម្ពុជានោះទេខណៈដែលរដ្ឋអាចត្រឹមមានវិធានការមិនឲ្យមានអ្នកតំណាងក្រុមហ៊ុននេះនៅក្នុងស្រុកតែប៉ុណ្ណោះ៕