សង្គម

រាជរដ្ឋាភិបាលព្រមានចាត់វិធានការផ្លូវច្បាប់និងការទូត បើស្គាល់ប្រភពយន្តហោះគ្មានមនុស្សបើកដែលហោះចូលកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជាព្រមានចាត់វិធានការផ្លូវច្បាប់និងការទូត ក្នុងករណីរកឃើញប្រភពពិតនៃយន្តហោះគ្មានមនុស្សបើក ឬហៅថាដ្រូន (Drone) ដែលហោះចូលដែនអាកាសកម្ពុជា។ កម្ពុជានឹងប្ដឹងតវ៉ា ថាវាជាការឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាយប់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍ដដែលរៀបរាប់ថា ការព្រមាននេះធ្វើឡើងក្រោយកម្ពុជាទទួលបានព័ត៌មានពីអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចនៅតាមបណ្ដោយខេត្តជាប់ព្រំដែនជាមួយនឹងវៀតណាម ពោលគឺខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី ថាមានយន្តហោះដ្រូន ហោះចូលដែនអាកាសកម្ពុជាជាញឹកញាប់ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួន និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមផ្នែកយោធា ដើម្បីរារាំងនូវការហោះចូលដោយយន្តហោះគ្មានមនុស្សបើកបរនោះ សាជាថ្មីចូលមកក្នុងដែនអាកាសរបស់កម្ពុជា។ ជាមួយគ្នានេះ កម្ពុជាក៏បានតាមដានដោយការយកចិត្តទុកដាក់បំផុតចំពោះហេតុការណ៍ដែលបានកើតឡើងប៉ុន្មានថ្ងៃមុននេះ នៅក្នុងខេត្តដាឡាក់ (Dak Lak) នៃប្រទេសវៀតណាម។

ក្នុងលិខិតដដែលនោះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា៖ «ការវាយប្រហារដោយក្រុមប្រដាប់អាវុធខុសច្បាប់ទៅលើស្នាក់ការប៉ូលីសនៅក្នុងឃុំ Ea Tieu និង Ea Ktur គឺជាអំពើភេរវកម្ម ដែលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពរបស់ប្រទេសជិតខាងជាមិត្ត»