សង្គម

តំបន់ជាច្រើននៅកម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរនៅពេញមួយសប្ដាហ៍នេះ

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ជាមួយទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបដែលលាតសន្ធឹងលើអាងទន្លេមេគង្គអាចបង្កឱ្យមានភ្លៀងធ្លាក់។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យ​ដឹង​ថា កម្ពុជានឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបដែលលាតសន្ធឹងលើអាងទន្លេមេគង្គ ផ្នែកប្រទេសថៃ និងឡាវ គួបផ្សំ និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។​ ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យតាមបណ្តាលតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាមានពី ២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ៣៣-៣៥អង្សាសេ ដែលអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមនឹងច្រើនដោយផ្នែកខ្លះលាយឡំដោយផ្គរ រន្ទះ​ និងខ្យល់កន្ត្រាក់។

រីឯតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី ២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ អង្សាសេដែលអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។​ ចំណែកឯ​នៅ​តំបន់​មាត់សមុទ្ទមានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សាសេដែលអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕