ខេត្តបាត់ដំបង÷ ថ្មីៗនេះ នៅបណ្ដាញសង្គមហ្វេសប៊ុកដែលគណនីឈ្មោះ មាតាធម្មជាតិកម្ពុជា Mother Nature Cambodia និង លោក មេភូមិ បានបង្ហោះរូបភាព ពីការចាក់ដីចូលស្ទឹង និងអគារសង់ជាប់មាត់ស្ទឹងសង្កែ។ ពួកគេថា អាជ្ញាធរមិនអើពើ នឹងសកម្មភាពទាំងនោះ ដោយសារម្ចាស់ដីជាអ្នកមានលុយនិងអំណាច។
ជុំវិញករណីនេះ រដ្ឋបាលខេត្តបាត់ដំបងក៏ចេញសេចក្ដីបំភ្លឺព័ត៌មាន ច្រានចោលព័ត៌មានខាងលើ ហើយចាត់ទុកជាករណីញុះញង់ និងមានចេតនាវាយប្រហារលើអាជ្ញាធរ ខណៈកម្ពុជាកាន់តែជិតដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។
រដ្ឋបាលខេត្តអះអាងថា ក្រុមជំនាញបានចុះទៅពិនិត្យករណីជាក់ស្តែងហើយ រកពុំឃើញការរំលោភបំពានទេ។ «ម្ចាស់ដីឈ្មោះ ចៅ ម៉ាដូនេត្រ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានសាងសង់អគារនៅលើដីរបស់ខ្លួនស្របតាមប្លង់កម្មសិទ្ធិ មិនប៉ះពាល់ដីចំណីស្ទឹងសង្កែទេ និងបានចាក់បេតុងសាងសង់ច្រាំងស្ទឹងនៅតាមលំនាំច្រាំងចាស់ មិនមានការរំលោភយកស្ទឹងដូចការចោទប្រកាន់នោះទេ»។ រដ្ឋបាលខេត្តបាត់ដំបង សរសេរអះអាងបែបនេះ ហើយថាម្ចាស់ដីនឹងជួយសាងសង់ ជម្រាលបេតុងទប់ច្រាំងស្ទឹងកុំឱ្យបាក់ដី ប្រវែង១០០០ម៉ែត្រ។
ចំពោះ បច្ចេកទេសនៃការសាងសង់ ជម្រាលបេតុងទប់ច្រាំងស្ទឹងកុំឱ្យបាក់ដីវិញ គឺត្រូវតែចាក់ឬលើកដីដើម្បីទប់។ បន្ទាប់ពីសាងសង់រួច នឹងមានការកាយដីចេញវិញ មិនឱ្យមានការរាំងស្ទះមុខទឹកហូរឡើយ។
ជាមួយគ្នាដែរ រដ្ឋបាលខេត្តបាត់ដំបង បានលើកឡើងទៀតថា ផ្លូវបេតុងប្រវែង២០០ម៉េត្រ នៅឃុំអូរដំបង១នោះ បានធ្វើរាល់ហើយ។ ហើយម្ចាស់ខាងលើនឹង ចាក់បេតុងសង់តាមបណ្ដោយច្រាំងស្ទឹង១០០០ម៉ែត្រ តាមគម្រោង ទើបមានការចាក់ដីនៅតំបន់មាត់ស្ទឹង។ «ដូចនេះ សកម្មភាពចាក់ដីធ្វើច្រាំងស្ទេង មិនមានផលប៉ះពាល់ ដល់លំហូរទឹកស្ទឹងសង្កែទេ ប៉ុន្តែថែមទាំងបានការពារយ៉ាងរឹងមាំពីការបាក់ច្រាំងស្ទឹងសង្កែទៀតផង»។ រដ្ឋបាលខេត្តបាត់ដំបង បានបកស្រាយបែបនេះ។
យោងតាមអនុក្រឹត្យស្ដីពី ការគ្រប់គ្រងអាងទន្លេ មាត្រា៨ ចែងថា គិតពីមាត់ច្រាំងស្ទឹង ចម្ងាយ៣០ម៉ែត្រ គឺជាដីចំណីមាត់ច្រាំងនៃស្ទឹង ហើយចាត់ទុកជាសម្បត្តិរបស់រដ្ឋ៕