សង្គម

អាវុធហត្ថបង្ហាញមុខជនសង្ស័យករណីជួញដូរគ្រឿងញៀនជាង៣០គីឡូក្រាម នៅបាត់ដំបង

ការិយាល័យប្រឆាំងគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត​បាត់ដំបង បានបង្ហាញមុខជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រមាណ៣១,៧១ គីឡូក្រាម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

បើតាមរបាយការណ៍សមត្ថកិច្ច កាលពីវេលាម៉ោង១៣:៣០នាទី ថ្ងៃទី១៩ ខែមិថុនា​ ​កន្លងមកកម្លាំងសមត្ថកិច្ចបានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ នៅចំណុចភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង​​ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ជាបុរសឈ្មោះ ថោ សូស៊ីវិន ហៅពិន អាយុ២៧ឆ្នាំ។

ក្នុងនោះដែរ វត្ថុតាងដែលរឹបអូសបានរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ICE) ចំនួន៤៧កញ្ចប់ ទម្ងន់៣១៧១៣,៣៤ ក្រាម (ថ្លឹងទាំងសំបកថង់),ជញ្ជីងថ្លឹងគ្រឿងញៀន ០១ ,ទូរសព្ទដៃ០២គ្រឿង , ប្រាក់បាតចំនួន ១ ២០០ ,ប្រាក់ដុល្លារចំនួន ១០០ ,ប្រាក់រៀលចំនួន ៤ ០០០ ០០០ រៀល ,អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ០១សន្លឹក , កាបូបយួរដៃចំនួន ០២,​ការ៉ុង ចំនួន០២ , ម៉ូតូ០១គ្រឿង ម៉ាក RAIDER ពណ៌ខ្មៅ ស្លាកកលេខបន្ទាយមានជ័យ ១W-៤៦៣៥ ,ស្លាកលេខម៉ូតូ០២សន្លឹក (ភ្នំពេញ ១E-៩៧២៧ និង បាត់ដំបង ១C-៧១៧៣)៕