បន្ទាប់ពីពលរដ្ឋបានរាយការណ៍មកថា មានករណីលក់សាច់ជ្រូកទឹកនៅផ្សារកែប ភ្លាមៗកម្លាំងជំនាញជលផលខេត្តកែប ចុះទៅបង្ក្រាប និងចុះកិច្ចសន្យាចំពោះអ្នកលក់ជ្រូកទឹក។ នេះបើយោងតាមទំព័រហ្វេសបុកផេក «ព័ត៌មានខេត្តកែប» បានបង្ហោះនៅរសៀលថ្ងៃទី១៩ ខែមិថុនានេះ។
សូមជម្រាបផងដែរថា ជ្រូកទឹកបានចុះបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះលើពិភពលោក ប្រភេទនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ ១ របស់អនុសញ្ញា សាយតេស។ វាមានទំហំធំប្រហាក់ប្រហែលនឹងផ្សោតដែរ ប៉ុន្តែវាធាត់ជាងហើយមានភ្លុក២ដូចដំរី ដែលដុះចេញពីអញ្ចាញធ្មេញ និងមានព្រុយចំហៀងធំរាងដូចច្រវាទូក។ វាមានស្បែករលោងពណ៌ត្នោត ឬប្រផេះក្រម៉ៅ និងដុះរោមមួយ។ រន្ធច្រមុះស្ថិតនៅទីតាំងចុងច្រមុះ ហើយមានសន្ទះគ្របសម្រាប់បិទនៅពេលវាមុជទៅក្នុងទឹក។ ប្រវែងទើបកើត ១-១,៥ម ពេញវ័យ ៣,៣-៤,១ម និងទម្ងន់ ទើបកើត ២៥-៣៥គ.ក ពេញវ័យ១០០០ គ.ក ។
ជ្រូកទឹករស់នៅជាក្រុមដែលមានចំនួនរហូតដល់រាប់រយ ដោយធ្វើចលនាយឺតៗក្នុងល្បឿនមធ្យមប្រមាណ ១០គ.ម/ម។ ហើយចូលចិត្តរស់នៅតំបន់ដែលមានទឹករាក់ៗ និងសម្បូរទៅដោយស្មៅសមុទ្រដែលជាចំណីអាហាររបស់វា។ ជ្រូកទឹកមាននៅដែនសមុទ្រកម្ពុជាតាមតំបន់មានស្មៅសមុទ្រនៃខេត្តកោះកុង ឆកកំពង់សោម កោះរុង និងកោះរុងសន្លឹម ហើយសព្វថ្ងៃមាននៅខេត្តកំពត និងក្រុងកែបតែប៉ុណ្ណោះ៕