សង្គម

មេខ្លោង​ក្នុង​ការវាយប្រហារ​សម្លាប់​មនុស្ស​នៅ​ដាក់​ឡាក់ ត្រូវ​អាជ្ញាធរវៀតណាម​ចាប់ខ្លួន​

ជនសង្ស័យ​យ​ជាង​៥០​នាក់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ចូល​ការិយាល័យ​ឃុំ​វៀតណាម​ចំនួន​ពីរ​នៅក្នុង​ខេត្ត​ដាក់​ឡាក់ ត្រូវបាន​ចាប់ខ្លួន​គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​ ដែល​រួម​មាន​មេគំនិត​ធំៗ​បំផុត។

​តំណាង​ក្រសួងសន្តិសុខជាតិវៀតណាម​និយាយថា ជនសង្ស័យ​ភាគច្រើនបំផុត​នៅ​ក្មេងៗ​និង​មក​ពី​ក្រុម​ជនជាតិភាគតិច​នៅក្នុង​ខេត្ត​ខ្ពង់រាប​កណ្តាល​នេះ​។ ​ពួកគេ​បាន​និយាយប្រាប់​ប៉ូលិស​ថា ពួកគេ​ត្រូវបាន​ញុះញង់​និង​​បង្ខំ​ឲ្យ​​ធ្វើ​អ្វី​ដែល​ពួកគេ​បានធ្វើ ជាមួយ​នឹង​ជំនឿ​ខុស​ថា ពួកគេ​នឹង​បាន​ទៅ​រស់នៅ​បរទេស ជាមួយនឹង​ការសន្យា​ផ្តល់​លុយ​ដ៏​ច្រើន​។​

​មេខ្លោង​ម្នាក់​ឈ្មោះ អ៊ី ថ​រ អាយុ​ន​(Y Tho Ayun) អាយុ​៣៥​ឆ្នាំ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ខ្លួន​គេ​ត្រូវ​បាន​ញុះញង់​លើកទឹកចិត្ត​អ្នកភូមិ​នៅ​ដាក់​ឡាក់​ឲ្យ​​វាយប្រហារ​ដោយ​កាំភ្លើង​លើ​ការិយា​​ល័យ​គណៈកម្មាធិការ​ប្រជាជន​ក្នុង​ឃុំ អ៊ែរ គឹ​ទូ និង អ៊ែរ ទៀ​វ ដែល​ក៏មាន​ស្នាក់ការ​ប៉ូលិស​នៅក្នុង​នោះ​។​អ៊ី ថ​រ អាយុ​ន បាន​និយាយថា ខ្លួន​បាន​ជ្រើសរើស​យក​តែ ​«​មនុស្ស​ដែល​ខ្ញុំ​ទុក​ចិត្ត​»​។

រំលឹកថា ​កាលពី​ថ្ងៃអាទិត្យសប្តាហ៍កន្លងទៅនេះ ក្រុម​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​​ប្រដាប់​ដោយ​កាំភ្លើង​បាន​វាយ​ចូល​ការិយាល័យ​ឃុំចំនួន២នៅដាឡាត ដោយ​សម្លាប់​ប៉ូលិស​បួន​នាក់ មន្ត្រីឃុំ​ពីរ​នាក់​និង​ជន​ស៊ីវិល​បីនាក់​។

​ការវាយប្រហារ​បានចាប់ផ្តើម​នៅ​ម៉ោង​០:៣៥ រំលង​អធ្រាត្រ​នៅពេល​ជនសង្ស័យ​ប្រមាណ​ដប់​នាក់​ចូល​ការិយាល័យ​ឃុំ​អ៊ែរ ទៀ​វ ។ ​ប៉ូលិស​ពីរ​នាក់​បាន​ស្លាប់​ក្នុង​ការបំពេញ​ភារ​កិច្វការពារទី​តាំងនេះ​។ ​ក្រុម​នេះ​​បន្ទាប់​ទៅ បាន​ឃាត់​រថយន្ត​មួយ​នៅ​លើ​ផ្លូវជាតិ​ទី​២៧ នៅ​ចម្ងាយ​ប្រមាណ​១,៥​គីឡូម៉ែត្រ​ពី​ការិយាល័យ​កើតហេតុ​ដោយ​បាន​សម្លាប់​អ្នកបើករថយន្ត​។​

​មេឃុំ អ៊ែរ ទៀ​វ លោក ង្វៀន វ៉ាន់ យុង​(Nguyen Van Dung)​ត្រូវបាន​សម្លាប់​ក្នុងពេល​ជិះ​រថយន្ត​ទៅកាន់​ការិយាល័យ​ក្រោយ​ឮ​សម្លេង​ផ្ទុះ​អាវុធ​។​

​ក្នុងពេល​ជាមួយគ្នា មនុស្ស​ប្រមាណ​៣០​នាក់​ទៀត បាន​វាយប្រហារ​ការិយាល័យ​ឃុំ អ៊ែរ គឺ​ទូ ។​ពួកគេ​បាន​គំរាម​អ្នកបើក​រថយន្ត​និង​បង្ខំ​ឲ្យ​គាត់​បិទផ្លូវ​។ ​ពួកគេ​បាន​គប់​គ្រាប់បែក​សាំង​ចូល​រថយន្ត​និង​​ចូល​ក្នុង​ការិយាល័យ​ព្រមទាំង​ដុត​ឯកសារ​និង​រថយន្ត​មួយ​គ្រឿង។ ​ជនសង្ស័យ​ក៏​បាន​សម្លាប់​លេខា​បក្ស​ឃុំ អ៊ែរ គឹ​ទូ និង​ចាប់​ជន​ស៊ីវិល​បីនាក់​ជា​ចំណាប់ខ្មាំង​។​

​បើ​តាម​អ្នកនាំពាក្យ ជនសង្ស័យ​បាន​និយាយថា ពួកគេ​ត្រូវបាន​បញ្ជា​អោយ​សម្លាប់​មន្ត្រី​និង​ប៉ូលិស​ណា​ក៏ដោយ​ឲ្យ​តែ​ឃើញ និង​យក​ទ្រព្យសម្បត្តិ​ហើយ​រឹបអូស​អាវុធ​របស់​គេ​៕