ខេត្តតាកែវ ៖ មិនដូចអ្វីដែលលោក រស ប៊ុនធឿន អភិបាលស្រុកអង្គរបូរី ដាក់ប្រកាសលក់ពាក្យដេញថ្លៃជាសាធារណៈក្នុងគម្រោងធ្វើផ្លូវអភិវឌ្ឍក្នុងមូលដ្ឋានខ្លួននោះទេ គឺមិនលក់ពាក្យឲ្យក្រុមហ៊ុនដែលមានបំណងចូលរួបដេញថ្លៃឲ្យទូលំទូលាយនោះទេ។
ក្រុមហ៊ុនដែលមានបំណងទៅទិញពាក្យបានបញ្ជាក់ថា អ្នកកាន់ពាក្យសម្រាប់លក់ឲ្យក្រុមហ៊ុនមិនព្រមលក់ទេ គឺទាល់តែមានបញ្ជាពីលោក រស ប៊ុនធឿន ដែលជាចៅហ្វាយស្រុក ទើបគេព្រមលក់ឲ្យ។ ពួកគេនិយាយថា ប្រហែលជាលោកចៅហ្វាយស្រុកលក់ពាក្យឲ្យក្រុមហ៊ុនណាដែលមានសម្ពន្ធភាពស្និតជាមួយលោកហើយមើលទៅ ព្រោះងាយស្រួលនិយាយគ្នា ពេលដេញថ្លៃបានគម្រោង (ឃុបឃឹតគ្នាពុករលួយរវាងអាជ្ញាធរ និង ក្រុមហ៊ុន)។
សូមបញ្ជាក់ថា រដ្ឋបាលស្រុកអង្គរបូរីបានប្រកាស់លក់ពាក្យចូលរួមដេញថ្លៃការងារជុសជុលផ្លូវបេតុងអាមេប្រវែង ៤៥១ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងស្លាកសញ្ញាគម្រោង០១កន្លែង ប្រចាំឆ្នាំ២០២៣ ស្ថិតនៅភូមិពន្លៃខាងជើង ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ដោយលក់ពាក្យចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ និង ទទួលពាក្យបើកសំណើរដេញថ្លៃនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៩និង០០នាទីព្រឹកនៅអង្គភាពលទ្ធកម្មសាលាស្រុកអង្គរបូរី។ ក្នុងនោះដែររដ្ឋបាលសាលាស្រុកបញ្ជាក់ថា គ្រប់បណ្តាក្រុមហ៊ុន សហគ្រាស (គឹតទាំងសហគ្រាសឯកត្តបុគ្គល)ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា អាចចូលរួមដាក់ពាក្យដេញថ្លៃបានជាសារធារណៈ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299