ខេត្តកំពង់ឆ្នាំង ៖ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង បើកពេញទំហឹងនៅក្នុងបរិវេណសាលាហ្វឹកហ្វឺងកងរាជអាវុធហត្ថភ្នំជំរាយ ក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នេះបើតាមប្រភព ដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ទើបទទួលបាន។
ប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងមូលដ្ឋានសាលាហ្វឹកហ្វឺងកងរាជអាវុធហត្ថភ្នំជំរាយ បើកសង្វៀនបញ្ជល់មាន់ និងអាប៉ោង យ៉ាងពេញបន្ទុក ដោយមានអ្នកចូលរួម លេងល្បែងយ៉ាងពពាក់ពពូន ដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនមានវិធានទប់ស្កាត់ឡើយ។
ពលរដ្ឋបញ្ជាក់ថា ទីតាំងមួយកន្លែងនោះ មានមេល្បែងស៊ីសងឈ្មោះថុលសុខ និងឈ្មោះតាម៉ៅ អាចបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមអំពើចិត្ត ដោយសារតែមានភ្លើងខៀវ ពីលោក មាស សុវណ្ណ នាយកសាលាហ្វឹកហ្វឺង កងរាជអាវុធហត្ថភ្នំជំរាយ ទើបគ្មានសមត្ថកិច្ចណាចុះបង្ក្រាប កុំថាឡើយត្រឹមអធិការស្រុក សូម្បីតែ លោកស្នងការ ឬមេអាវុធហត្ថខេត្តកំពង់ឆ្នាំង ក៏មិនហ៊ានទៅក្បែរដែរ ព្រោះជាកងកម្លាំងដូចគ្នា។
ប្រជាពលរដ្ឋបានលើកឡើងថា មិនគួរណា លោកមាស សុវណ្ណ នាយកសាលាហ្វឹកហ្វឺង កងរាជអាវុធហត្ថភ្នំជំរាយ បណ្ដែតបណ្ដោយ ឱ្យមានល្បែងស៊ីសងនៅក្នុងមូលដ្ឋាន សាលាហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ នោះឡើយ។ ហើយបើគ្មានការបើកដៃ ពីលោក មាស សុវណ្ណ នោះទេគឺបុគ្គលឈ្មោះថុលសុខ និងឈ្មោះតាម៉ៅ មិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។
ទីណាមានល្បែងសុីសងទីនោះនិងក្លាយជាតំបន់អសន្តិសុខនាពេលខាងមុខ គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល តើអាចយកមកអនុវត្ត និងប្រកបដោយប្រសិទ្ធភាពដែលឬទេ?
ពាក់ព័ន្ធនិងបនល្បែងជល់មាន់និងអាប៉ោង ខាងលើនេះ បណ្ដាញសារព័ត៌មានពេញចិត្តមេឌា មិនអាចសុំការបកស្រាយ
ពីលោក មាស សុវណ្ណ នាយកសាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយបាននោះទេ ដោយសារគ្មានលេខទូរសព្ទទំនាក់ទំនង។
ទោះយ៉ាងណាក៏ដោយ ពលរដ្ឋ និងមហាជន នៅតែអំពាវនាវឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង មេត្តាចាត់វិធានការ ក្នុងការទប់ស្កាត់ ល្បែងស៊ីសងខាងលើនេះផង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299